ភ្នំពេញ៖- លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានដឹកនាំសមាជិកគណៈកម្មាធិការនាយកក្លិប ចំនួន៧រូប ជួបពិភាក្សាការងារជាមួយប្រតិភូសមាគមអ្នកសារព័ត៌មានចិន ដឹកនាំដោយលោក Zhong Yan ប្រធានការិយាល័យអនុវត្តគម្រោង នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ សមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសារព័ត៌មានទាំងពីរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជំនួបនេះធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសប្រតិភូចិនបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង ដោយរួមមានលោក Li Zhuoqi មន្ត្រីការិយាល័យអនុវត្តគម្រោង នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ សមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន និងលោកស្រី Shen Yan អ្នកសារព័ត៌មានភាសាខ្មែរ នៃមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ខេត្តយូណាន។
– លោក ពុយ គា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូចិន ដែលបានចំណាយពេលមកបំពេញទស្សនកិច្ច និងសិក្សាស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបានបង្ហាញពីបរិយាកាសស្និទ្ធស្នាល និងទំនាក់ទំនងមិត្តភាពរវាងស្ថាប័នទាំងពីរ។
– លោក Zhong Yan ក៏បានថ្លែងអំណរគុណផងដែរចំពោះលោក ពុយ គា និងសហការីទាំងអស់ ដែលបានទទួលស្វាគមន៍ប្រតិភូចិនយ៉ាងកក់ក្តៅ ហើយបានចាត់ទុកជំនួបនេះជាឱកាសដ៏ល្អក្នុងការពង្រឹងចំណងមិត្តភាព និងបង្កើនការយោគយល់គ្នារវាងអ្នកសារព័ត៌មាននៃប្រទេសទាំងពីរ។
– លោក Zhong Yan បានរំលឹកពីលទ្ធផលវិជ្ជមាននៃវេទិកាសារព័ត៌មានខ្សែក្រវ៉ាត់ និងផ្លូវ ដែលបានរៀបចំឡើងនៅទីក្រុងណាន់ជីង ប្រទេសចិន កាលពីខែតុលាកន្លងទៅ ដោយទទួលបានការចាប់អារម្មណ៍ និងមានអ្នកតាមដានរាប់រយលាននាក់។ លោកក៏បានលើកឡើងពីកម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានមកពីប្រទេសនានា ក្នុងគោលបំណងពង្រឹងសមត្ថភាព និងផ្តល់ឱកាសដល់អ្នកសារព័ត៌មានក្នុងតំបន់ និងអន្តរជាតិ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងវិជ្ជាជីវៈ។
– លោកក៏បានបង្ហាញបំណងចង់សិក្សាលទ្ធភាពរៀបចំកិច្ចប្រជុំ ឬវេទិកាសារព័ត៌មានអន្តរជាតិមួយនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៧ ដោយលោកមើលឃើញថា កម្ពុជាគឺជាទីតាំងដ៏សមស្រប ពិសេសដោយសារលោក ពុយ គា មានតួនាទីជាប្រធាន និងក្លិបអ្នកកាសែតកម្ពុជាអាចដើរតួជាតំណាងកម្ពុជាក្នុងការសម្របសម្រួល និងរៀបចំកម្មវិធីនៅលើឆាកអន្តរជាតិ។
– តាមការលើកឡើងរបស់លោក Zhong Yan កម្មវិធីនេះអាចរៀបចំជាកិច្ចប្រជុំរយៈពេលមួយថ្ងៃ និងដំណើរទស្សនកិច្ចសិក្សារយៈពេលពីរថ្ងៃ សម្រាប់អ្នកសារព័ត៌មានមកពីតំបន់ និងបណ្តាប្រទេសនានាលើពិភពលោក ដើម្បីស្វែងយល់ពីកម្ពុជា និងបង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យសារព័ត៌មាន។
– លោកបានបញ្ជាក់ថា មុនពេលមកដល់កម្ពុជា ប្រតិភូបានសិក្សាស្វែងយល់អំពីប្រទេសកម្ពុជាជាមុនរួចហើយ ប៉ុន្តែការចុះមកពិនិត្យជាក់ស្តែងបានធ្វើឱ្យប្រតិភូមានការចាប់អារម្មណ៍ចំពោះការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ សណ្ឋាគារ សាលប្រជុំ ភោជនីយដ្ឋាន និងសេវាកម្មស្នាក់នៅ ដែលមានលក្ខណៈសមស្របសម្រាប់ការរៀបចំកិច្ចប្រជុំ និងវេទិកាអន្តរជាតិ៕
