អន្តរជាតិះ ក្រោយហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នាដ៏សាហាវរយៈពេល ៦ ថ្ងៃ លោក Óscar Puente រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសអេស្ប៉ាញ បានសម្រេចចិត្តលាលែងពីតំណែង ខណៈហេតុការណ៍នោះ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៦៩ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
លោក Puente បានប្រកាសពីការសម្រេចចិត្តនេះនៅក្នុងសភា បន្ទាប់ពីបានផ្តល់សក្ខីកម្មជុំវិញគ្រោះមហន្តរាយ កាលពីថ្ងៃពុធសប្តាហ៍មុន នៅជិតទីក្រុង Urda ភាគខាងត្បូងនៃរដ្ឋធានីម៉ាឌ្រីដ។
លោក បានថ្លែងថា រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអេស្ប៉ាញ មិនអាចបន្តកាន់តំណែងបានឡើយ បន្ទាប់ពីមានគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះចំនួន ២ លើក ក្នុងរយៈពេលតិចជាងមួយឆ្នាំ។ សម្តីនេះសំដៅទៅលើគ្រោះថ្នាក់មួយកាលពីខែមករា នៅលើខ្សែរថភ្លើងដដែលនោះ ដែលបណ្តាលឱ្យមនុស្ស ៤៦ នាក់ស្លាប់។
គ្រោះថ្នាក់កាលពីសប្តាហ៍មុន គឺជាគ្រោះមហន្តរាយផ្លូវដែកដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់អឺរ៉ុប និងជាគ្រោះថ្នាក់ដ៏អាក្រក់បំផុតនៅក្នុងប្រទេសអេស្ប៉ាញ ចាប់តាំងពីឆ្នាំ ២០១៣ មក។
លោក Puente បានប្រកាសពីការសម្រេចចិត្តរបស់លោក នៅចុងបញ្ចប់នៃសម័យប្រជុំសភាដ៏យូរមួយ កាលពីល្ងាចថ្ងៃអង្គារ។
គ្រោះថ្នាក់ កាលពីថ្ងៃពុធសប្ដាហ៍មុន ពាក់ព័ន្ធនឹងរថភ្លើងមួយខ្សែដែលដំណើរការដោយក្រុមហ៊ុនរដ្ឋ Renfe (មានអ្នកដំណើរចំនួន ៣៩៧ នាក់) និងរថភ្លើងមួយខ្សែទៀតដែលដំណើរការដោយក្រុមហ៊ុនឯកជន Iryo (មានអ្នកដំណើរចំនួន ១៤៧ នាក់) ដែលកំពុងឈប់នៅនឹងកន្លែង៕
