កូរ៉េខាងត្បូង បើកទីបញ្ជាការដ្រូនថ្មី ទប់ទល់ការគំរាមកំហែងពីកូរ៉េខាងជើង

អន្តរជាតិះ – ក្រសួងការពារជាតិកូរ៉េខាងត្បូង បានសម្ពោធដាក់ឱ្យដំណើរការទីបញ្ជាការដ្រូន ថ្មីមួយ នៅថ្ងៃទី២ ខែវិច្ឆិកានេះ ក្នុងគោលបំណងពង្រឹងប្រព័ន្ធយន្តហោះគ្មានមនុស្សបើក និងសមត្ថភាពទប់ទល់នឹងដ្រូនអត្តឃាត ស្របពេលដែលការគំរាមកំហែងពីដ្រូនរបស់កូរ៉េខាងជើង កំពុងវិវត្តទៅមុខយ៉ាងឆាប់រហ័ស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap។

– ពិធីសម្ពោធនេះ ប្រព្រឹត្តទៅនៅទីបញ្ជាការដ្រូនការពារជាតិ ក្នុងទីក្រុង Pocheon ដែលស្ថិតនៅចម្ងាយប្រហែល ៤០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងសេអ៊ូល។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទីបញ្ជាការថ្មីនេះ នឹងជំនួស «បញ្ជាការប្រតិបត្តិការដ្រូន» ដែលមានស្រាប់ ដោយដើរតួនាទីជា «មជ្ឈមណ្ឌលបញ្ជាដ្រូន» ដើម្បីរៀបចំយុទ្ធសាស្ត្រទាក់ទងនឹងការប្រើប្រាស់ដ្រូន និងការទប់ទល់នឹងដ្រូន ព្រមទាំងការគ្រប់គ្រងការអភិវឌ្ឍប្រព័ន្ធដ្រូន និងប្រព័ន្ធប្រឆាំងដ្រូនសម្រាប់គ្រប់កងទ័ពទាំងអស់នៅទូទៅប្រទេស។

– លើសពីនោះ ទីបញ្ជាការដ្រូនថ្មីនេះ គឺជាវិធានការបន្តបន្ទាប់ ពីគោលនយោបាយអភិវឌ្ឍប្រព័ន្ធគ្មានមនុស្សបើកដ៏ទូលំទូលាយមួយ ដែលត្រូវបានប្រកាសកាលពីខែមិថុនា។ គោលនយោបាយនេះមានគោលបំណងពង្រឹងសមត្ថភាពការពារជាតិ ដោយប្រើប្រព័ន្ធគ្មានមនុស្សបើករបស់កូរ៉េខាងត្បូង ខណៈដែលដ្រូនកំពុងក្លាយជាកូនសោរផ្លាស់ប្តូរស្ថានការណ៍យ៉ាងសំខាន់ (game changer) នៅលើសមរភូមិសម័យទំនើប។

– ដោយឡែក កូរ៉េខាងជើង កំពុងពន្លឿនការអភិវឌ្ឍយន្តហោះគ្មានមនុស្សបើករបស់ខ្លួន ដោយយកមេរៀន និងបទពិសោធន៍ជាក់ស្តែងពីការដាក់ពង្រាយកងទ័ពរបស់ខ្លួននៅក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ កូរ៉េខាងជើងថ្មីៗនេះ បានធ្វើការសាកល្បងអាវុធទំនើបៗចុងក្រោយ ដែលបានធ្វើត្រាប់តាមការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំ តាមរយៈការកំណត់គោលដៅលើប៉ុស្តិ៍យាមយោធាកូរ៉េខាងត្បូងក្លែងក្លាយ និងរថក្រោះអាមេរិក។

– ដើម្បីឆ្លើយតបការគំរាមគំហែងពីកូរ៉េខាងជើង យោធាកូរ៉េខាងត្បូង មានផែនការទិញយកដ្រូនប្រយុទ្ធដែលមានតម្លៃទាប ច្រើនជាង ២០ ០០០ គ្រឿង ព្រមទាំងពន្លឿនការដាក់ឱ្យប្រើប្រាស់កម្មវិធី «ប្រព័ន្ធប្រយុទ្ធដោយដ្រូនតម្លៃទាបរបស់កូរ៉េ» (Korean Low-Cost Uncrewed Combat Attack System ឬ K-LUCAS) ដើម្បីអភិវឌ្ឍអាវុធប្រភេទ ហោះហើរកំណត់គោលដៅ ដែលមានរយៈចម្ងាយឆ្ងាយ រួមទាំងដ្រូនអត្តឃាត៕

 

You might like