អន្តរជាតិះ – អ្នកនាំពាក្យយោធារបស់រដ្ឋាភិបាលយេម៉ែន លោកវរសេនីយ៍ឯក Majed Al-Nuzaili បានប្រកាសកាលថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានបើកការវាយប្រហារចំនួន ១ ២៧៦ លើក ទៅលើគោលដៅនានារបស់ក្រុមហ៊ូធី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។
– ប្រតិបត្តិការដ៏ធំនេះ គឺជាផ្នែកមួយនៃយុទ្ធនាការយោធាមានឈ្មោះថា «ប្រតិបត្តិការព្រលឹមស្រាងៗនៃយេម៉ែន» (Operation Dawn of Yemen) ដើម្បីប្រឆាំងនឹងក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោកវរសេនីយ៍ឯក Majed Al-Nuzaili បានបញ្ជាក់ថា ការវាយប្រហារទាំងនោះបានដៅចំគោលដៅសំខាន់ៗ រួមមាន៖ មជ្ឈមណ្ឌលបញ្ជាការ និងគ្រប់គ្រង ទីតាំងការពារខ្លួន កម្លាំងជំនួយ មធ្យោបាយដឹកជញ្ជូន និងផ្គត់ផ្គង់ ព្រមទាំងឃ្លាំងអាវុធ និងគ្រាប់រំសេវរបស់ក្រុមហ៊ូធី។
– តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម X លោកបានបន្ថែមថា កងកម្លាំងរដ្ឋាភិបាលក៏បានអនុវត្តប្រតិបត្តិការជាក់លាក់យ៉ាងជ្រៅនៅពីក្រោយខ្សែត្រៀមរបស់ក្រុមហ៊ូធី ក្នុងគោលបំណងកាត់ផ្តាច់សមត្ថភាពរបស់ក្រុមនេះក្នុងការបញ្ជាការប្រយុទ្ធ ការប្រមូលផ្តុំកម្លាំងឡើងវិញ និងការបញ្ជូនកម្លាំងបន្ថែមទៅកាន់ខ្សែបន្ទាត់ជួរមុខ។
– លោកវរសេនីយ៍ឯក Al-Nuzaili បានសង្កត់ធ្ងន់ថា ប្រតិបត្តិការទាំងនេះបានកម្រិតសមត្ថភាពរបស់ក្រុមហ៊ូធីក្នុងការចល័តកម្លាំងបម្រុងរវាងរណសិរ្សនានា ឬការប្រមូលផ្តុំកងទ័ពនៅក្នុងវិស័យណាមួយ។
– យោងតាមរបាយការណ៍ ខ្មាន់កាំភ្លើង និងមេបញ្ជាការក្រុមហ៊ូធីប្រមាណ ៣៨២ នាក់ ត្រូវបានធ្វើឱ្យអស់សមត្ថភាពប្រយុទ្ធ នៅក្នុងប្រតិបត្តិការនេះ។ លើសពីនេះ យានយន្ត និងអាវុធធុនធ្ងន់ចំនួន ១៤០ គ្រឿង ព្រមទាំងឃ្លាំងអាវុធ និងគ្រាប់រំសេវមួយចំនួនត្រូវបានបំផ្លាញ និងធ្វើឱ្យខូចខាតទាំងស្រុង។
– សូមជម្រាបជូនថា យុទ្ធនាការយោធាមួយនេះ គឺជាប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំចុងក្រោយបង្អស់របស់កងទ័ពរដ្ឋាភិបាលយេម៉ែន ដែលបានចាប់ផ្តើមឡើងនៅក្នុងខែតុលា ឆ្នាំ២០២៦ នេះ។ ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងរុញច្រានកម្លាំងហ៊ូធីចេញពីតំបន់យុទ្ធសាស្ត្រសំខាន់ៗ ដូចជា Marib (តំបន់សម្បូរប្រេង) និងការពារច្រកសមុទ្រអន្តរជាតិ Bab el-Mandeb៕

