ត្រាំ ប្រកាសជំនួយប្រេងម៉ាស៊ូត ៨ ប៊ីលានដុល្លារ ដល់កសិករអាមេរិក ដើម្បីទិញទឹកចិត្តគាំទ្រមុនការបោះ​ឆ្នោត​ពាក់កណ្ដាលអាណត្តិ

អន្តរជាតិះ – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្ដល់ជំនួយ​ ៨ ប៊ីលានដុល្លារ ដល់កសិករអាមេរិក ដើម្បីជួយសម្រាលបន្ទុកថ្លៃប្រេងម៉ាស៊ូតក្នុងរដូវប្រមូលផលឆ្នាំនេះ ក្នុងជំហានដែលគេមើលឃើញថាដើម្បីទិញទឹកចិត្តគាំទ្រ ស្របពេលដែលគណបក្សសាធារណរដ្ឋរបស់លោក​ប្រឈម​នឹង​ការធ្លាក់ចុះសម្លេងគាំទ្រ មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានប្រកាសពីគម្រោងជំនួយនេះ ក្នុង​យុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋកាន់សាស់ កាលពីថ្ងៃចន្ទ ដោយលើកឡើងថា កសិករនឹងទទួលបានជំនួយដើម្បីទប់ទល់នឹង​កំណើន​ថ្លៃប្រេងម៉ាស៊ូតក្នុងរដូវប្រមូលផល។

– លោក ត្រាំ បាន​ថ្លែងយ៉ាងដូច្នេះថា៖ «នៅយប់នេះ ខ្ញុំក៏មានសេចក្ដីរីករាយក្នុងការប្រកាសផងដែរថា ក្រសួងកសិកម្មនឹងចាប់ផ្ដើមកម្មវិធីថ្មីមួយសម្រាប់ជួយសម្រាលថ្លៃប្រេងឥន្ធនៈក្នុងរដូវប្រមូលផល ដោយផ្ដល់ជំនួយ ៨ ប៊ីលានដុល្លារដល់កសិកររបស់យើង»។

– ​ការប្រកាសនេះត្រូវបានធ្វើឡើងនៅពេលដែលលោក ត្រាំ និងគណបក្សសាធារណរដ្ឋកំពុងព្យាយាមរក្សាសម្លេង​គាំទ្រពីអ្នកបោះឆ្នោត ជាពិសេសនៅតាមរដ្ឋ​សំខាន់ៗសម្រាប់ការប្រកួតប្រជែងអាសនៈព្រឹទ្ធសភា។ ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកាខាងមុខ នឹងកំណត់ថា តើគណបក្សសាធារណរដ្ឋអាចរក្សាសំឡេងភាគច្រើននៅក្នុងសភាទាំង២របស់សហរដ្ឋអាមេរិក បានឬយ៉ាងណា។

– ការសន្យាផ្ដល់ជំនួយនេះក៏កើតឡើងចំពេលប្រជាជនអាមេរិកកំពុងប្រឈមនឹងបន្ទុកចំណាយរស់នៅខ្ពស់ និង​កំណើន​តម្លៃប្រេងឥន្ធនៈ ​ដែលជំរុញដោយសង្រ្គាមរបស់ ត្រាំ ប្រឆាំងអ៊ីរ៉ង់ ផ្ទុយពីអ្វីដែលលោកធ្លាប់សន្យាដោះស្រាយមុនជាប់ឆ្នោតឆ្នាំ ២០២៤។

– ​អ្នកវិភាគបានលើកឡើងថា ជំនួយ ៨ ប៊ីលានដុល្លារ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការបន្ធូរបន្ថយការមិនពេញចិត្តរបស់អ្នកបោះឆ្នោត និងពង្រឹងការគាំទ្រនៅតាមតំបន់កសិកម្ម។ ​

– ​ក្រោយសុន្ទរកថារបស់លោក ត្រាំ ក្រសួងកសិកម្មអាមេរិកបានឱ្យដឹងថា ​ប្រាក់ ៨ ប៊ីលានដុល្លារ នឹងត្រូវប្រើសម្រាប់ការទូទាត់ជំនួយតែមួយលើកប៉ុណ្ណោះ ដល់កសិករអាមេរិកក្នុងរដូវប្រមូលផលឆ្នាំនេះ ដើម្បីជួយទប់ទល់នឹងការរំខានទីផ្សារបណ្ដោះអាសន្ន និងការកើនឡើងនៃថ្លៃដើមផលិតកម្ម។

– ក្រសួងបានបញ្ជាក់ថា កម្មវិធីនេះនឹងផ្ដល់ជំនួយតាមសមាមាត្រដោយប្រើរូបមន្តគណនារួមមួយ ដើម្បីរ៉ាប់រងការ​ខាតបង់ខ្លះៗ ដែលបានប៉ាន់ប្រមាណសម្រាប់ឆ្នាំដាំដុះ ២០២៦។ ការទូទាត់នឹងត្រូវគ្រប់គ្រងដោយទីភ្នាក់ងារសេវាកម្មកសិកម្មរបស់ក្រសួង។

– មុន​នោះ លោក ត្រាំ ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយអះអាងថា នឹងពង្រីកលទ្ធភាពទទួលបានប្រេងម៉ាស៊ូត​មិនជាប់ពន្ធផងដែរ។

– ​ក្រៅពីជំនួយ​ប្រេងម៉ាស៊ូត កន្លងមក លោក ត្រាំ បាន​​ធ្លាប់លើកឡើងពីសំណើផ្ដល់ប្រាក់ ៥ ០០០ ដុល្លារដល់ពលរដ្ឋពេញវ័យអាមេរិកគ្រប់រូប ប្រសិនបើគណបក្សសាធារណរដ្ឋអាចរក្សាសំឡេងភាគច្រើនក្នុងសភាទាំង២បាន ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ ទោះជាយ៉ាងណា សំណើនេះបានបង្កឱ្យមានការសង្ស័យ និងការរិះគន់យ៉ាងចាស់ដៃពីអ្នកវិភាគ អ្នកសេដ្ឋកិច្ច និងសមាជិកមួយចំនួននៃគណបក្សសាធារណរដ្ឋផ្ទាល់ ដោយអ្នកខ្លះប្រៀបធៀបទៅនឹងការទិញសន្លឹកឆ្នោត។

– កាលពីដើមខែនេះ ប្រធានាធិបតីដដែលបានប្រកាសថា រដ្ឋាភិបាលអាមេរិកនឹងផ្ដល់ប្រាក់​មួយលើកចំនួន ៩០ ដុល្លារដល់ប្រជាជនជាង ២០ លាននាក់ ដែលចុះឈ្មោះក្នុងកម្មវិធីធានារ៉ាប់រងសុខភាពសម្រាប់មនុស្សវ័យចំណាស់ Medicare ​៕

 

You might like