អន្តរជាតិះ – ដោយសារតែកុបកម្មនៅបារាំង កាន់តែរីកធំធ្ងន់ធ្ងរឡើងៗ គ្មានឃើញសញ្ញាថមថយសោះនោះ រដ្ឋាភិបាលទីក្រុងប៉ារីស បានសម្រេច ដាក់បម្រាមគោចរទូទាំងប្រទេស និងអនុវត្តវិធានការក្តៅនានា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការផ្សាយរបស់ BBC នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ បម្រាមគោចរ ត្រូវបានអនុវត្តនៅតាមបណ្តាក្រុងជាច្រើន ពោលគឺកំណត់ចំៗ លើតំបន់ទាំងឡាយណា ដែលរងគ្រោះដោយអំពើហិង្សា ស្របពេលរដ្ឋាភិបាល បញ្ជាក់ថា វិធានការបែបនេះ ប្រសើរជាងការបិទខ្ទប់ក្រុងទាំងមូល។
– នៅប៉ារីស! ពលរដ្ឋ ត្រូវហាមចូល ឬស្ថិតក្នុងបរិវេណទីលាន Place de la République (ផ្លាស ដឺឡា រ៉េប៉ាប្លីក) និងតំបន់ពាណិជ្ជកម្ម Les Halles (ឡេអាល់លឹ) ឡើយ ចាប់ពីម៉ោង ១១:០០ យប់ ដល់ម៉ោង ៦:០០ ព្រឹក ខណៈការប្រមូលផ្តុំ គ្មានការអនុញ្ញាត ក៏ត្រូវហាមឃាត់ផងដែរ ក្រោយម៉ោង ៨:០០ យប់ នៅជិតមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់ៗ និងទីតាំងប្រវត្តិសាស្ត្រ/ស្ថាប័នរដ្ឋ ដូចជាវិមាន អេលីសេ ជាដើម។
– ចំណែកនៅភាគខាងជើងប្រទេស ដូចជាទីក្រុង លីលលឹ, ឌូអេ, វត្តទីញញីស និង ដឺណា! បម្រាមគោចររយៈពេលច្រើនថ្ងៃ ដែលកំណត់ជាពិសេសលើអនីតិជនអាយុក្រោម ១៨ ឆ្នាំ គឺតម្រូវឱ្យពួកគេនៅក្នុងផ្ទះ ចាប់ពីម៉ោង ៨:០០ យប់ ដល់ម៉ោង ៦:០០ ព្រឹក។
– សម្រាប់ភាគខាងត្បូង និងក្រុងផ្សេងទៀតដូចជា ទីក្រុង នីសើស! បម្រាមគោចរពេលរាត្រី ត្រូវអនុវត្តចំពោះអនីតិជន ដែលគ្មានអាណាព្យាបាល ដោយមិនឱ្យចេញទៅណា ចាប់ពីម៉ោង ៩:០០ យប់ឡើយ។
– ទីក្រុង បតដូ ក៏ដាក់ចេញបម្រាមគោចរ លើអនីតិជនចាប់ផ្តើមពីម៉ោង ១០:០០ យប់ ដល់ម៉ោង ៧:០០ ព្រឹកផងដែរ ខណៈ ម៉ាកសីយ៍ បានហាមឃាត់ទាំងស្រុង នូវការធ្វើបាតុកម្មតាមដងផ្លូវ និងការប្រមូលផ្តុំសាធារណៈ រីឯ លីយ៉ុង បានរឹតបន្តឹងការធ្វើចរាចរណ៍លើផ្លូវ នៅផ្នែកខ្លះនៃទីក្រុង។
– វិធានការនេះធ្វើឡើង ស្របពេលកុបកម្ម បានឈានដល់ដំណាក់កាលធ្ងន់ធ្ងរបំផុត រកផ្លូវចេញមិនឃើញ ដោយកុបករ និងប៉ូលិសបានប្រឈមមុខដាក់គ្នា បង្កជាអំពើហិង្សា ហើយពួកគេបានដើរអុកឡុក ចូលលួចទំនិញប្រ៊េនៗ ពីក្នុងហាងល្បីៗ នៅទូទាំងប្រទេស។
– ក្រុមកុបកម្ម បានពាក់ម៉ាស់ និងស្លៀកពាក់ខ្មៅ កំណត់គោលដៅ វាយប្រហារលើស្ថាប័នរដ្ឋ និងតំបន់ពាណិជ្ជកម្ម។ នៅក្រុង លីម៉ូហ្ស៊េ, អគារសាលាក្រុងប្រវត្តិសាស្ត្រតាំងពីសតវត្សរ៍ទី១៩ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចខ្ទី បណ្តាលឱ្យដំបូល និងអាគារនាឡិកាបាក់រលំ។ ចំណែកនៅទីក្រុង លីយ៉ុង ការិយាល័យទេសចរណ៍ដ៏សំខាន់មួយ ត្រូវបានដុតកម្ទេច ខណៈតំបន់ពាណិជ្ជកម្មធំៗនៅប៉ារីស និង ម៉ាកសីយ៍ បានរងការលួចប្លន់ប៉ាតណាប៉ាតណី។
– បើយោងតាមការប៉ាន់ស្មាន របស់សហជីពពាណិជ្ជករ! អាជីវកម្មជាង ១ ៥០០ កន្លែងត្រូវរងការបំផ្លិចបំផ្លាញ ដែលគិតជាទឹកប្រាក់ ខូចខាតអស់រាប់សិបលានអឺរ៉ូ។
– តាមពិតទៅ ភាពចលាចលនេះ ផ្តើមចេញដំបូង ពីបាតុកម្មសិស្សនិស្សិត ប៉ុណ្ណោះ ហើយក៏ប្រែក្លាយជាអំពើហិង្សា រាលដាលទូទាំងប្រទេស ឈានដល់ការផ្ទុះកុបកម្មទ្រង់ទ្រាយធំ កាលពីថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ ដែលប្រជាពលរដ្ឋជាង ៥៥០ ០០០ នាក់ បានចេញតវ៉ាតាមដងផ្លូវ ប្រឆាំងនឹងការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈ ជីវភាពរស់នៅកាន់តែថ្លៃ និងការធ្លាក់ចុះនៃសេវាសាធារណៈ។
– យោងតាមរបាយការណ៍ផ្លូវការពីក្រសួងមហាផ្ទៃបារាំង មនុស្សជិត ២ ៤០០ នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការរក្សាសន្តិសុខ។ ជាមួយគ្នានេះ កងកម្លាំងអនុវត្តច្បាប់ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយមន្ត្រីនគរបាល និងកងរាជអាវុធហត្ថជិត ១ ០០០ រូបបានត្រូវរបួស ក្នុងនោះមាន ៧ រូបស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕
