អន្តរជាតិះ – ទាហានទើបរើសចំនួន ៥៨នាក់ ត្រូវបានសម្លាប់ និងជាង ២០០នាក់ ត្រូវរបួស ក្នុងការវាយប្រហារដោយមីស៊ីលយ៉ាងសាហាវ របស់ក្រុមហ៊ូធី លើជំរំហ្វឹកហ្វឺនយោធាក្នុងខេត្ត Shabwa ភាគខាងត្បូង ប្រទេសយេម៉ែន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ប្រភពពីអភិបាលខេត្ត លោក Awad al-Wazir ដែលបញ្ជាក់កាលពីថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ ថា ក្រុមហ៊ូធី បានកំណត់គោលដៅលើជំរំ Al-Alam ហើយក្រៅពីមនុស្សស្លាប់ ក៏នៅមានបាត់ខ្លួន ១៤នាក់ផងដែរ ខណៈគេជឿជាក់ថា តួលេខមនុស្សស្លាប់ អាចកើនឡើងជាបន្តទៀត។
– យោងតាមប្រភពពីអាជ្ញាធរក្នុងស្រុក, ក្រុមហ៊ូធី បានបាញ់មីស៊ីលបាលីស្ទិក ចំនួន ៣គ្រាប់ ដាក់ជំរំនេះ ចំពេលទាហានទើបរើសទាំងនោះ កំពុងឈរតម្រង់ជួរ អំឡុងពេលធ្វើលំហាត់ហ្វឹកហ្វឺន។
– ជុំវិញរឿងនេះដែរ អ្នកនាំពាក្យក្រុមហ៊ូធី លោក Yahya Saree បានចេញមុខបញ្ជាក់ថា ចលនាប្រដាប់អាវុធរបស់ខ្លួន ពិតជាវាយប្រហារជំរំ Al-Alam មែន ដោយចោទថា ជំរំនេះ គឺគ្រប់គ្រង ធ្វើប្រតិបត្តិការដោយកងកម្លាំងអារ៉ាប៊ីសាអូឌីត ដ្បិតមកទល់ពេលនេះ ទីក្រុងរីយ៉ាដ មិនទាន់បកស្រាយអ្វីក៏ដោយ។
– បន្ទាប់ពីការវាយប្រហារនេះដែរ លោក Rashad al-Alimi ប្រធានក្រុមប្រឹក្សានាំមុខប្រធានាធិបតី ដែលជាស្ថាប័នដឹកនាំកំពូលរបស់យេម៉ែន បានចេញមុខថ្កោលទោសយ៉ាងខ្លាំង ដោយចាត់ទុកទង្វើនេះ ថាជា «អំពើភេរវកម្មដ៏កំសាក» និងប្តេជ្ញា ឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់បំផុត។
– សូមជម្រាបជាថ្មី! ប្រទេសយេម៉ែន បានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិល យ៉ាងសាហាវ ចាប់តាំងពីក្រុមហ៊ូធី វាយដណ្តើមយករដ្ឋធានី Sanaa និងខេត្តជាច្រើនក្នុងឆ្នាំ ២០១៤ ដែលជំរុញឱ្យសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីត ត្រូវបង្ខំចិត្ត ធ្វើអន្តរាគមន៍ក្នុងឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិ។
– យ៉ាងណា ក្នុងឆ្នាំ២០២២ បទឈប់បាញ់បណ្តោះអាសន្នមួយ បានលេចចេញជារូបរាង ប៉ុន្តែក្រោយមកការប្រយុទ្ធគ្នា ក៏ផ្ទុះឡើងជាថ្មី បន្ទាប់ពីភាគីទាំងសងខាងចោទប្រកាន់គ្នា ថា រំលោភបទឈប់បាញ់៕
