ភ្នំពេញះ – ក្រសួងពាណិជ្ជកម្មកម្ពុជាបានចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL PARIS 2026 នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង ក្នុងគោលដៅលើកកម្ពស់វត្តមាន និងកិត្យានុភាពរបស់កម្ពុជា ជំរុញការនាំចេញ ព្រមទាំងពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងនាមជាដៃគូផ្គត់ផ្គង់ដ៏មានទំនុកចិត្តនៅលើទីផ្សារអន្តរជាតិ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ពិធីបើកសម្ពោធជាផ្លូវការ «ពន្លាជាតិកម្ពុជា (Cambodia Pavilion)» បានធ្វើឡើងក្រោមវត្តមានលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញនៅថ្ងៃទី ១៧ ខែតុលា ២០២៦ នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង។

– លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្រោមមូលបទ «Cambodia: Basket of Wonders» ពន្លាជាតិកម្ពុជាបាននាំយកនូវផលិតផលកសិ-កែច្នៃដែលមានគុណភាពខ្ពស់ និងស្របតាមស្តង់ដាអន្តរជាតិ ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាកែច្នៃទំនើប ប្រព័ន្ធតាមដាន (Traceability) និងចីរភាពនៃផលិតកម្ម។
– លោក សំហេង បូរ៉ា បន្ថែមថា គោលដៅរបស់កម្ពុជាមិនត្រឹមតែជំរុញកំណើនបរិមាណនាំចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការបង្កើនតម្លៃបន្ថែមក្នុងស្រុក តាមរយៈការតភ្ជាប់កសិករ អ្នកផលិត និងសហគ្រិនកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងខ្សែច្រវាក់តម្លៃសកល។
– ពន្លាជាតិកម្ពុជា មានទីតាំងនៅសាលទី៧ (Hall 7, Stand J-347) ដោយបាននាំមកជាមួយនូវបណ្តាក្រុមហ៊ុន-សហគ្រាសកម្ពុជាចំនួន ១៦ ជាមួយនឹងផលិតផលសក្តានុពលខ្ពស់មកតាំងបង្ហាញ ដូចជា៖ ស្វាយចន្ទី ផ្លែឈើសម្ងួត (ជាពិសេសស្វាយសម្ងួត) ម្រេច គ្រឿងទេស និងម្ហូបពាក់កណ្តាលសម្រេច (Ready-to-Cook) ព្រមទាំងផលិតផលផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏បានអញ្ជើញអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនអន្តរជាតិ មកទស្សនាស្វែងយល់ពីសក្តានុពលផលិតផលកម្ពុជា និងពិភាក្សាស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការធុរកិច្ចថ្មីៗដោយផ្ទាល់នៅទីតាំងនោះផងដែរ។
– ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL Paris 2026 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយរំពឹងថានឹងមានក្រុមហ៊ុនចូលរួមតាំងបង្ហាញប្រមាណ ៧,៥០០ និងអ្នកទស្សនាធុរកិច្ច (Trade Visitors) ជាង ២៨៥,០០០នាក់៕
