បាតុករ ដាក់ការទាមទារ ៦ចំណុច ក្នុងបាតុកម្មដ៏ខ្លាំងក្លាប្រឆាំង IMF-World Bank នៅ បាងកក

អន្តរជាតិះ – បាតុកម្មប្រឆាំងកិច្ចប្រជុំ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ក្នុងប្រទេសថៃ នៅតែធ្ងន់ធ្ងរ ដល់ថ្នាក់កងកម្លាំង ដាក់ទូកុងតឺន័រ និងរបាំងដែក ដើម្បីរារាំងក្រុមអ្នកតវ៉ា រុញឱ្យសភាពការណ៍វឹកវរខ្លាំង។

– ទោះមានវិធានការតឹងរ៉ឹងបែបនេះក្តី ក៏មិនអាចបង្អាក់ដំណើរការបានដែរ ដោយក្រុមបាតុកររាប់រយនាក់ ​នាំគ្នាសម្រុកតវ៉ា ថែមទាំងដាក់ចេញនូវការទាមទារចំនួន ៦ចំណុច ទៅជំនួបកំពូលនេះ ទៀតផង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦, ក្នុងអំឡុងបាតុកម្មនោះ បណ្តាញប្រជាជន ប្រឆាំងធនាគារពិភពលោក និង IMF បានអានសេចក្តីថ្លែងការណ៍មួយ ដោយគូសបញ្ជាក់ពីការទាមទាររបស់ «អង្គការសភាជនក្រីក្រ» ដែលធ្វើឡើងចំទិវាស្បៀងអាហារពិភពលោក។

– សេចក្តីថ្លែងការណ៍នោះ បានរិះគន់អ្វីដែលក្រុមនេះពិពណ៌នាថាជា តួនាទីបង្កផលប៉ះពាល់របស់ធនាគារពិភពលោក និង IMF ក្នុងការបំផ្លាញអធិបតេយ្យភាពស្បៀងអាហារ និងការងើបឡើងវិញនៃរចនាសម្ព័ន្ធអាណានិគមនិយមបែបថ្មី។

– ការទាមទារទាំង ៦ចំណុចនោះ រួមមាន៖
១ -លុបបំណុល សម្រាប់ប្រទេសដែលមានចំណូលទាប និងមធ្យម ដែលកំពុងប្រឈមមុខនឹងវិបត្តិបំណុល។
អនុញ្ញាតឱ្យមានការពិនិត្យពិច័យ ជាសាធារណៈលើបំណុលបរទេស ដែលរដ្ឋាភិបាលនានា ជំពាក់។
២- បញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភធន ដល់ក្រុមហ៊ុនសាជីវកម្មធំៗ ហើយបង្វែរថវិកាសាធារណៈទៅជួយគាំទ្រកសិកម្មបែបអេកូឡូស៊ី ព្រមទាំងបង្វែរការវិនិយោគលើវិស័យស្បៀងអាហារ កសិកម្ម និងអាកាសធាតុ ឱ្យផុតពីខ្សែច្រវាក់ផ្គត់ផ្គង់ ដែលគ្របដណ្តប់ដោយក្រុមហ៊ុនសាជីវកម្ម វិញ។
៣- បង្កើនចំណូលរដ្ឋ តាមរយៈប្រព័ន្ធពន្ធដារជឿនលឿន រួមទាំងការប្រមូលពន្ធសមរម្យ លើប្រាក់ចំណេញរបស់ក្រុមហ៊ុនសាជីវកម្ម និងការប្រមូលពន្ធលើទ្រព្យសម្បត្តិរបស់អ្នកមានមហាសេដ្ឋី។
៤- ធ្វើឱ្យធនាគារកណ្តាល មានលក្ខណៈប្រជាធិបតេយ្យ តម្លាភាព និងគណនេយ្យភាពចំពោះសាធារណជន ដោយធានាថា ស្ថាប័នទាំងនេះការពារផលប្រយោជន៍ របស់កម្មករនិយោជិត ជាជាងការពារផលប្រយោជន៍ របស់ក្រុមហ៊ុនអាជីវកម្មធំៗ។
៥- គិតប្រជាជន និងភពផែនដី ជាធំ ក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច។
៦- សូមជម្រាបជាថ្មី ការតវ៉ានៅថៃ គឺជាផ្នែកមួយនៃយុទ្ធនាការសកល របស់បណ្តាញចលនាកសិករអន្តរជាតិ La Via Campesina ក្នុងប្រទេសជាង ៦០ ដើម្បីទាមទារលក្ខខណ្ឌ ៦ ចំណុចពីស្ថាប័នហិរញ្ញវត្ថុពិភពលោក៕

You might like