សូមប្រយ័ត្ន! ត្រឹមមួយថ្ងៃ មានជនរងគ្រោះ​៣ករណីធ្លាក់ក្នុងអន្ទាក់ឆបោកក្លែងជាបុគ្គលិកធនាគារ

ភ្នំពេញះ – ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកតាមទូរស័ព្ទ ដោយជនខិលខូចក្លែងបន្លំខ្លួនជាបុគ្គលិកធនាគារ ប្រើវិធីសាស្ត្របំភ័យ និងគំរាមបង្កកគណនី ដើម្បីបោកបញ្ឆោតឱ្យជនរងគ្រោះផ្ទេរប្រាក់។

– ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្ដឹង​ពីជនរងគ្រោះចំនួន ៣ករណី ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ គឺនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដែលពាក់ព័ន្ធនឹងល្បិចឆបោកស្រដៀងគ្នា។ ករណីទាំងនេះជាសញ្ញាដាស់តឿនឱ្យប្រជាពលរដ្ឋកាន់តែប្រុងប្រយ័ត្ន ព្រោះជនឆបោកអាចប្រើប្រាស់ការភ័យខ្លាច និងការប្រញាប់ប្រញាល់ ដើម្បីធ្វើឱ្យជនរងគ្រោះបាត់បង់ការពិចារណា និងសម្រេចចិត្តខុស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមការព្រមានរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ជនឆបោកតែងប្រើល្បិចទូរស័ព្ទទៅកាន់ប្រជាពលរដ្ឋ ដោយអះអាងថាខ្លួនជាបុគ្គលិក ឬភ្នាក់ងារធនាគារ រួចជូនដំណឹងថា គណនីធនាគាររបស់ជនរងគ្រោះមានបញ្ហា ឬជាប់ពាក់ព័ន្ធនឹងបទល្មើសណាមួយ។ បន្ទាប់មក ពួកគេប្រើពាក្យសម្ដីបំភ័យ ឬគំរាមថានឹងបង្កកគណនីជាបន្ទាន់ ប្រសិនបើមិនចាត់វិធានការដោះស្រាយតាមការណែនាំរបស់ពួកគេ។

– ជំហានបន្ទាប់ ជនសង្ស័យអាចទាមទារឱ្យជនរងគ្រោះផ្ទេរប្រាក់ជាបន្ទាន់ ឬបង់ប្រាក់ជាប្រចាំខែ ដោយអះអាងថាជាថ្លៃសេវាដោះស្រាយបញ្ហា ឬថ្លៃបើកដំណើរការគណនីឡើងវិញ។ ប្រសិនបើជនរងគ្រោះជឿតាមការបំភាន់ និងធ្វើតាមការណែនាំទាំងនោះ ពួកគេអាចប្រឈមនឹងការបាត់បង់ប្រាក់ និងព័ត៌មានសម្ងាត់ផ្នែកហិរញ្ញវត្ថុ។

– ដើម្បីចៀសវាងការធ្លាក់ក្នុងអន្ទាក់នេះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគរបាលខេត្តតាកែវ បានណែនាំឱ្យប្រជាពលរដ្ឋចងចាំថា មិនគួរជឿលើការអះអាងតាមទូរស័ព្ទដោយគ្មានការផ្ទៀងផ្ទាត់នោះទេ។ ប្រសិនបើមានអ្នកទូរស័ព្ទមកប្រាប់ថាគណនីធនាគារមានបញ្ហា ឬគំរាមថានឹងបង្កកគណនី សូមកុំប្រញាប់ធ្វើតាមការណែនាំ ហើយត្រូវទាក់ទងទៅសេវាបម្រើអតិថិជនរបស់ធនាគារតាមលេខទូរស័ព្ទផ្លូវការ ដើម្បីបញ្ជាក់ព័ត៌មានឱ្យបានច្បាស់លាស់ជាមុន។

– ជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវចៀសវាងការផ្ទេរប្រាក់ទៅគណនីដែលមិនស្គាល់ ឬគណនីបុគ្គលឯកជនតាមការណែនាំរបស់អ្នកទូរស័ព្ទមិនស្គាល់អត្តសញ្ញាណ។ ជាពិសេស មិនត្រូវផ្ដល់លេខកូដ OTP លេខសម្ងាត់ PIN ព័ត៌មានចូលគណនីធនាគារ ឬចុចលើតំណភ្ជាប់ (Link) ដែលមិនច្បាស់លាស់ពីប្រភពនោះឡើយ។

– ក្នុងករណីទទួលបានការហៅទូរស័ព្ទគួរឱ្យសង្ស័យ ប្រជាពលរដ្ឋគួរបញ្ចប់ការសន្ទនា និងប្រើប្រាស់លេខទំនាក់ទំនងផ្លូវការរបស់ធនាគារ ដើម្បីផ្ទៀងផ្ទាត់ដោយខ្លួនឯង។ ការរក្សាភាពស្ងប់ស្ងាត់ មិនប្រញាប់ផ្ទេរប្រាក់ និងមិនបង្ហាញព័ត៌មានសម្ងាត់ គឺជាវិធីសំខាន់ក្នុងការការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពគណនីធនាគារ។

– ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលសង្ស័យ ឬបានជួបប្រទះករណីឆបោកបែបនេះ រាយការណ៍ទៅសមត្ថកិច្ចឱ្យបានឆាប់រហ័ស ដើម្បីចាត់វិធានការតាមនីតិវិធី៕

 

You might like