មនុស្សជាង៨០នាក់បានស្លាប់និងរងរបួសជាង ២០០នាក់ ដោយ គ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញះ – អ្នកដំណើរយ៉ាងហោចណាស់ជាង ៨០នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសនៃបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

– នេះបើតាមការឱ្យដឹងដោយលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រាប់ «បណ្តាញផ្សព្ចផ្សាយក្នុងស្រុក» កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ទូច សុខៈ បានលើកឡើងថា ជារួមក្នុងរយៈពេល១៦ថ្ងៃ គិតពីបិណ្ឌ១ ដល់ថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌចុងក្រោយ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសសរុបចំនួន ១៤៣ករណី ដែលក្នុងគ្រោះថ្នាក់នេះបានបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៨៦នាក់ និង២៥៨នាក់រងរបួសធ្ងន់ស្រាល។ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន គឺកើនឡើង ២៦ករណី អ្នកស្លាប់កើនឡើង ៦នាក់ និងអ្នករបួសកើនឡើងចំនួន ១០២នាក់។

– និយាយដោយឡែក ត្រឹមរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយគិតពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣៤ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ២៦នាក់ និងរងរបួសធ្ងន់ស្រាល ១០១នាក់។ អ្នកនាំពាក្យ ថា ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ គឺមានការកើនឡើង ១៤ករណី ចំនួនអ្នកស្លាប់កើនឡើង ១៦នាក់ និងអ្នករបួសបានកើនឡើង ៧១នាក់។

– តាមការបញ្ជាក់របស់អ្នកនាំពាក្យ មូលហេតុនៃគ្រោះថ្នាក់ទាំងនេះ រួមមានលើសល្បឿនកំណត់ ១៣ករណី មិនគោរពសិទ្ធិអាទិភាព ១០ករណី មិនប្រកាន់ស្តាំ ៦ករណី វ៉ាជែង ៣ករណី ស្រវឹង ១ករណី និងកត្តាយានយន្ត១ករណី។ គ្រោះថ្នាក់ចរាចរណ៍ទាំងនេះបានកើតឡើងនៅស្ទើរគ្រប់រាជធានីខេត្តទូទាំងប្រទេស៕

You might like