ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតត្រូវជម្លៀសព្រះកាយជាបន្ទាន់ ខណៈក្រុមហ៊ូធីបង្កើនការទម្លាក់គ្រាប់ខ្លាំងក្លាមិនធ្លាប់មាន

អន្តរជាតិះ – យោងតាមសេចក្តីរាយការណ៍របស់កាសែត The Wall Street Journal បានរាយការណ៍ថា ព្រះអង្គម្ចាស់ Mohammed bin Salman កំពុងត្រូវបានបង្ខំព្រះទ័យឱ្យជម្លៀសព្រះកាយទៅកាន់ព្រះរាជវាំង ឬជំរុំបន្ទាយដែលមានការការពារតឹងរ៉ឹង និងសុវត្ថិភាពបំផុត ដោយមានបំពាក់ដោយជម្រកសុវត្ថិភាពក្រោមដីផងដែរ ស្របពេលដែលការវាយប្រហារពីសំណាក់ក្រុមហ៊ូធីកាន់តែខ្លាំងក្លាឡើង ខណៈស្តុកមីស៊ីលស្ទាក់ចាប់អារ៉ាប៊ីសាអូឌីតធ្លាក់ចុះដល់កម្រិតគួរឱ្យបារម្ភ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– វិធានការសន្តិសុខដែលត្រូវបានរាយការណ៍ខាងលើនេះ កើតឡើងបន្ទាប់ពីមានការវាយប្រហារដ៏សាហាវមួយលើអាកាសយានដ្ឋានអន្តរជាតិ King Khalid ក្នុងទីក្រុងរីយ៉ាដ កាលពីថ្ងៃសៅរ៍ ដែលបណ្តាលឱ្យមនុស្ស ១៣ នាក់ស្លាប់ និងយ៉ាងហោចណាស់ ៣០០ នាក់រងរបួស។ នេះគឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតដែលអារ៉ាប៊ីសាអូឌីត មិនធ្លាប់ជួបប្រទះក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។

– ព្រះអង្គម្ចាស់ព្រះជន ៤១ ព្រះវស្សាអង្គនេះ មិនបានបង្ហាញព្រះភក្ត្រជាសាធារណៈទេ ចាប់តាំងពីថ្ងៃអង្គារមក នៅពេលដែលព្រះអង្គបានចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមថ្នាក់ជាតិ។ មន្ត្រីជំនិតព្រះអង្គ បានបញ្ជាក់ឱ្យដឹងថា ចាប់តាំងពីពេលនោះមក ព្រះអង្គបានគង់នៅក្នុងព្រះរាជវាំងដែលមានការការពារយ៉ាងតឹងរ៉ឹង ក្រោមការការពារពីក្រុមសន្តិសុខដែលត្រូវបានចាត់តាំងយ៉ាងពិសេស។

– ទោះជាយ៉ាងណា ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ នោះទេ។

– ទន្ទឹមនោះ ក្រុមហ៊ូធី ក៏បានបញ្ជាក់ជាថ្មីអំពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការកំណត់គោលដៅវាយប្រហារលើព្រលានយន្តហោះនានារបស់អារ៉ាប៊ីសាអូឌីត។ ព្រលានយន្តហោះអន្តរជាតិ King Khalid ដែលត្រូវគេរាយការណ៍ថា រងការវាយប្រហារចំនួន ៤ ដងក្នុងរយៈពេល ៥ ថ្ងៃនោះ នៅតែបន្តបិទទ្វារចាប់តាំងពីមានការវាយប្រហារដោយមីស៊ីល កាលពីចុងសប្តាហ៍មក។

– យោងតាមក្រុមហ៊ុនវិភាគផ្នែកអាកាសចរណ៍ Cirium បានឱ្យដឹងថា ជើងហោះហើរប្រហែល ៦០ ភាគរយ ត្រូវបានគេរំពឹងថានឹងត្រូវលុបចោល ក្នុងសប្ដាហ៍នេះ។

– ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman បានមានបន្ទូលថា ការឆ្លើយតបរបស់ព្រះរាជាណាចក្រនេះនឹងមាន «ភាពម៉ឺងម៉ាត់កម្រិតដូចគ្នា» ដែលឆ្លុះបញ្ចាំងពីការឈានដល់ភាពធ្ងន់ធ្ងរនៃការវាយប្រហារតទល់ក្រុមហ៊ូធី។

– ដោយឡែក មន្ត្រីអារ៉ាប៊ីសាអូឌីត ក៏បានបង្ហាញកង្វល់មួយចំនួនពាក់ព័ន្ធនឹងការខ្វះខាតគ្រាប់មីស៊ីលស្ទាក់ចាប់ ដែលចាំបាច់សម្រាប់ការការពារប្រឆាំងនឹងការវាយប្រហារបន្ថែមទៀត។

– យោងតាមមន្ត្រីមួយចំនួន បានប្រាប់ឱ្យដឹងថា កាលពីខែមុន ទីក្រុងរីយ៉ាដ បានស្នើសុំជំនួយការពារដែនអាកាសពីប្រទេសបារាំង អង់គ្លេស ប៉ាគីស្ថាន និងអេហ្ស៊ីបផងដែរ។

– គួរបញ្ជាក់ថា សង្រ្គាមរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធី កំពុងរីករាលដាលកាន់តែខ្លាំងឡើងដែលបង្កជាហានិភ័យក៏ដូចជាការព្រួយបារម្ភថ្មីមួយទៀត បន្ទាប់ពីសង្គ្រាមអាមេរិក-អ៊ីរ៉ង់៕

 

You might like