កម្ពុជាទទូចឱ្យមានការសម្របសម្រួលសម្រាប់ការវិលត្រឡប់របស់ពលរដ្ឋប្រមាណ២ម៉ឺននាក់អាចទៅផ្ទះវិញតាមព្រំដែន​

ភ្នំពេញះ – លោក កែ សុវណ្ណ បានថ្លែងនូវសេចក្តីថ្លែងការណ៍តំណាងឱ្យកម្ពុជាក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដោយបន្តអំពាវនាវជាថ្មីឱ្យមានការសម្របសម្រួលសម្រាប់ការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរប្រមាណ២ម៉ឺននាក់ ដែលត្រូវបានរារាំងដោយកម្លាំងយោធាថៃនៅតំបន់ព្រំដែន អាចទៅលំនៅឋានវិញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ថ្លែងក្នុងវេទិការបស់ UNHCR ​ដែលបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ លោក កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា បានសម្តែងការព្រួយបារម្ភចំពោះទំហំ និងភាពស្មុគស្មាញនៃការផ្លាស់ទីលំនៅដោយបង្ខំ ដែលកំពុងកើនឡើងនៅទូទាំងពិភពលោក។ លោក​បានលើកឡើងពីស្ថានភាពជាក់ស្ដែងនៅប្រទេសកម្ពុជា ដែលកំពុងបន្តប្រឈមនឹងផលវិបាកផ្នែកមនុស្សធម៌ធ្ងន់ធ្ងរនៃការផ្លាស់ទីលំនៅ ដោយសារជម្លោះរវាងកម្ពុជា-ថៃ នៅតាមព្រំដែន។

– លោក ថា ជម្លោះនេះបានបង្ខំឱ្យប្រជាជនកម្ពុជាប្រមាណ ៦៥០ ០០០នាក់ចាកចេញពីផ្ទះសម្បែង ខណៈដែលផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងទីតាំងសាសនា និងវប្បធម៌ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

– សេចក្ដីថ្លែងការណ៍របស់លោក កែ សុវណ្ណ បានបញ្ជាក់ថា បើទោះបីជាបទឈប់បាញ់នៅតែបន្តត្រូវបានគោរពក៏ដោយ ក៏ប្រជាពលរដ្ឋប្រមាណជាង២០ ០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន។ មិនអាចទៅបាន គឺដោយសារការបន្តកាន់កាប់នូវតំបន់មួយចំនួននៃទឹកដីកម្ពុជាដោយកងកម្លាំងប្រដាប់អាវុធថៃ និងការរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជាទាំងនោះអាចចូលទៅកាន់លំនៅឋាន និងសហគមន៍របស់ពួកគេវិញបាន។​

– លោកបានសង្កត់ធ្ងន់ថា ការកាន់កាប់ទឹកដីកម្ពុជានេះ និងការបន្តបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជាដោយកងកម្លាំងប្រដាប់អាវុធថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយផ្ទុយនឹងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

– តាមរយៈវេទិកាអង្គការសហប្រជាជាតិដដែលនោះ លោកបានលើកឡើងជាថ្មីម្ដងទៀតនូវការទាមទាររបស់កម្ពុជា ក្នុងការអនុវត្ត និងគោរពឱ្យបានពេញលេញនូវសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការសម្របសម្រួលឱ្យប្រជាពលរដ្ឋភៀសខ្លួនកម្ពុជាអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញ។

– តំណាងកម្ពុជា ក៏បានលើកទឹកចិត្តឱ្យអង្គការ UNHCR ស្របតាមសេចក្តីសម្រេចពាក់ព័ន្ធនានារបស់មហាសន្និបាតអង្គការសហប្រជាជាតិ និងដោយសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតបទៅនឹងតម្រូវការផ្នែកការការពារ និងមនុស្សធម៌របស់ពលរដ្ឋភៀសខ្លួនកម្ពុជា ព្រមទាំងចូលរួមចំណែកក្នុងការស្វែងរកដំណោះស្រាយយូរអង្វែង ជាពិសេសការវិលត្រឡប់របស់ពលរដ្ឋភៀសខ្លួនកម្ពុជាទៅកាន់លំនៅឋានរបស់ពួកគេវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

– លោក បានគូសបញ្ជាក់បន្ថែមថា ការទប់ស្កាត់ការផ្លាស់ទីលំនៅដោយបង្ខំ ទាមទារឱ្យមានការគោរពយ៉ាងពេញលេញនូវធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយវិវាទដោយសន្តិវិធី។ លោក បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តចំពោះសន្តិភាព និងកិច្ចសន្ទនា ត្រូវតែអមដោយសកម្មភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់៕

 

You might like