អន្តរជាតិះ – ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC, អតីតមេបញ្ជាការកំពូលរបស់អ៊ុយក្រែន លោកឧត្ដមសេនីយ៍ Oleksandr Syrskyi បានអះអាងថា កងកម្លាំងនៃទីក្រុងគៀវ កំពុងស្ដារខ្សែជួរមុខឱ្យមានស្ថិរភាពឡើងវិញ និងបានបំផ្លាញសមត្ថភាពរបស់ទាហានរុស្ស៊ីពីការរុលទៅមុខ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោកឧត្តមសេនីយ៍ បានលើកឡើងថា ការធ្លាក់ចុះនៃសម្ថតភាពរបស់រុស្ស៊ីនេះ គឺបណ្ដាលមកពីការបាត់បង់នូវកម្លាំងទាហានដ៏ច្រើន ដោយសារស្នាដៃកងកម្លាំងអ៊ុយក្រែន។
– លោក Syrskyi ជាមេបញ្ជាការជាន់ខ្ពស់ដែលត្រូវបានដកចេញពីតំណែង បន្ទាប់ពីមានការរិះគន់ដែលថាការដឹកនាំរបស់លោកតាមរបៀបបុរាណពេក មិនសាកសមនឹងដឹកនាំកងកម្លាំងសម័យថ្មីរបស់អ៊ុយក្រែនដែលត្រូវប្រើប្រាស់បច្ចេកវិទ្យាទំនើបៗនោះទេ។
– ទន្ទឹមនោះ ក៏មានការចោទប្រកាន់លោកពីសំណាក់ទាហានដែលធ្លាប់ស្ថិតក្រោមការបញ្ជារបស់លោកផងដែរ ដោយថា ពួកគេនៅតែត្រូវឱ្យប្រចាំការដាច់ខាតនៅទីតាំងឈរជើង ទោះត្រូវទាហានរុស្ស៊ីឡោមព័ទ្ធយ៉ាងណាក៏ដោយ ខណៈនេះជាការបង្កការខាតបង់នៃកម្លាំងដ៏អាក្រក់។
– យោងតាមលោក Syrskyi បានបញ្ជាក់ថា ការខាតបង់នៃកម្លាំងទាហានសរុបរបស់ទីក្រុងម៉ូស្គូនៅក្នុងសង្គ្រាមនេះ មានកម្រិតខ្ពស់ជាងអ៊ុយក្រែនដល់ទៅ ៦ ដង។ លោក បានបន្ថែមថា ប្រសិនបើយើងរាប់តែទាហានដែលស្លាប់ មិនគិតពីអ្នករបួសនោះ តួលេខគឺខ្ពស់ជាងរហូតដល់ ១១ ដង ឯណោះ។
– ទោះជាយ៉ាងណាក៏ដោយ ទាំងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែមិនបានប្រកាសជាផ្លូវការនូវចំនួនទាហានដែលស្លាប់ក្នុងសង្គ្រាមនោះទេ។ ខណៈទាហានអ៊ុយក្រែន អះអាងពីការខាតបង់យ៉ាងធ្ងន់ធ្ងរនៃកម្លាំងរុស្ស៊ីក្នុង កម្រិតខ្ពស់បំផុតមិនធ្លាប់មាន កាលពីខែកញ្ញា ប៉ុន្តែព័ត៌មាននេះមិនមានការឆ្លើយតបនោះទេ។
– គួរបញ្ជាក់ថា មេដឹកនាំផ្នែកស៊ើបការណ៍សម្ងាត់របស់ចក្រភពអង់គ្លេស ប៉ាន់ប្រមាណថា រុស្ស៊ីបានបាត់បង់ទាហានប្រហែលកន្លះលាននាក់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនក្នុងឆ្នាំ ២០២២។
– ដោយឡែក មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានចេញការប៉ាន់ស្មានដូចគ្នាដែរថា អ៊ុយក្រែន ក៏អាចនឹងបាត់បង់ទាហានរហូតដល់ ១៥០,០០០ នាក់ផងដែរ គិតត្រឹមខែមិថុនា ឆ្នាំ ២០២៦ នេះ៕
