អាណាព្យាបាលចាត់ទុកពេល២ឆ្នាំ នៃការចូលកាតព្វកិច្ចយោធាគឺជាការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងបានរួមចំណែកការពារជាតិ

ភ្នំពេញះ – ឪពុក និងអាណាព្យាបាល របស់យុវជនស្ម័គ្រចិត្ត ពេញចិត្ត និងគាំទ្រពេញទំហឹង ចំពោះច្បាប់កាតព្វកិច្ចយោធា ដែលបានបើកឱកាសឱ្យកូនៗរបស់គាត់ អាចរួមចំណែកការពារជាតិ ហើយក្នុងនាមជាអាណាព្យាបាល មានតែការលើកទឹកចិត្ត និង ជំរុញជានិច្ច ក្នុងការអនុញ្ញាតឱ្យកូនៗ និងសាច់ញាតិដែលគ្រប់អាយុ ឆាប់ចូលទៅបំពេញកាតព្វកិច្ច។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ពួកគាត់បន្តលើកឡើងទៀតថា ការចូលកាតព្វកិច្ចយោធា គឺជាការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងបានរួមចំណែកការពារជាតិ រយៈពេល២ឆ្នាំ មិនយូរ មិនឆាប់ ប៉ុន្តែធ្វើឱ្យខ្លួន មានវិន័យល្អ ក្នុងសង្គម ជាពិសេសជាធនធានមនុស្ស សម្រាប់អ្នកបន្តវេន។ បន្តទៀតនោះ សូមឱ្យយុវជនដទៃ ដែលកំពុងលុងលក់ ក្នុងទង្វើមិនល្អ សម្រាប់សង្គម គួរភ្ញាក់រលឹកខ្លួន ដើម្បីខ្លួនឯង ដើម្បីគ្រួសារ និងសង្គមជាតិ។

– ចំណែកយុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា បានចាត់ទុកពេល២ឆ្នាំ នៃការចូលកាតព្វកិច្ច គឺជាការដុះខាត់ ពង្រឹងសមត្ថភាពផ្ទាល់ខ្លួនផង និងបានរួមចំណែកការពារប្រទេសជាតិ ពីរដ្ឋបរទេសឈ្លានពានផង។ ពួកគេបានបញ្ជាក់ថា ក្នុងកាតព្វកិច្ច ការការពារប្រទេសជាតិ គ្មានបរទេសណា មកការពារជាតិយើង ជំនួសយើងឡើយ ដូច្នេះយើងត្រូវតែខ្លាំងខ្លួនឯង ដើម្បីការពារជាតិខ្លួនឯង។

– សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ ក្រោមការដឹកនាំចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ត្រីកងរាជអាវុធហត្ថតាមមូលដ្ឋានទាំង១៤ខណ្ឌ បានបន្តយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការរៀបចំទទួល និងផ្តល់ពាក្យជូនយុវជន យុវនារី ដែលមកពីតាមមូលដ្ឋានរស់នៅរបស់សមីខ្លួនពួកគេនីមួយៗ។

– ជាក់ស្តែងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ព្រុំ ស័ក្តា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ក្រុមយុវជន យុវនារី បានបន្តនាំគ្នាទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា ជាបន្តបន្ទាប់ ដោយក្រុមការងារមន្ត្រី បានរៀបចំទទួលដោយយកចិត្តទុកដាក់ និងណែនាំពីការត្រូវបំពេញ និងកាលបរិច្ឆេទ ត្រូវយកត្រឡប់មកប្រគល់ជូន គណៈកម្មាធិការកាតព្វកិច្ចយោធា វិញផងដែរ។

– គួរបញ្ជាក់ថា៖ ការផ្តល់ពាក្យ សម្រាប់ការចូលបំពេញកាតព្វកិច្ចយោធា គឺធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថទាំង១៤ខណ្ឌ រៀងរាល់ម៉ោងធ្វើការ ទាំងពេលព្រឹក និងពេលថ្ងៃ ដោយពុំគិតថ្ងៃអាទិត្យនោះឡើយ។

– ហើយការទទួលពាក្យវិញ គឺធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពេលផ្តល់ពាក្យត្រឡប់ទៅមូលដ្ឋានកងរាជអាវុធហត្ថវិញ ពលរដ្ឋគ្រប់អាយុទាំង២ភេទ ត្រូវភ្ជាប់ទៅជាមួយឯកសារ៣ គឺ អត្តសញ្ញាណប័ណ្ណ, សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ និងសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រកំណើតដែលបញ្ជាក់ពីរដ្ឋបាលឃុំសង្កាត់៕

You might like