អន្តរជាតិះ – ស្របពេលមានការភ័យខ្លាច ផ្ទុះឆ្លងជំងឺ «ប៉េស្តសួត» ក្រោយមរណភាពអ្នកវិទ្យាសាស្រ្តរុស្ស៊ី ម្នាក់ដែលប៉ះពាល់ជាមួយមេរោគក្នុងមន្ទីរពិសោធន៍ នៅតំបន់ស៊ីបេរី ពេលនេះ សហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹង ឱ្យពលរដ្ឋខ្លួន ត្រូវបានចាកចេញពីរុស្ស៊ី ជាបន្ទាន់ និងព្រមានមិនឱ្យធ្វើដំណើរទៅប្រទេសនោះឡើយ ដោយសារតែហានិភ័យ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការផ្សាយរបស់ Moscow Times, ស្ថានទូតអាមេរិកប្រចាំទីក្រុងមូស្គូ បានចេញការជូនដំណឹង កាលពីថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ថា៖ «ពលរដ្ឋអាមេរិកនៅក្នុងតំបន់កើតហេតុ គប្បីអនុវត្តតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលក្នុងស្រុក ចៀសវាងការចូលទៅជិតទីតាំងដែលរងផលប៉ះពាល់ និងប្រញាប់ប្រញាល់ ស្វែងរកការព្យាបាល ប្រសិនបើមានរោគសញ្ញាក្តៅខ្លួន ។

-ស្ថានទូតសង្កត់ធ្ងន់ថា សមត្ថភាពរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការជួយសង្គ្រោះពលរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្ស៊ី ជាពិសេសនៅក្រៅក្រុងមូស្គូ គឺមានកម្រិត បន្ទាប់ពីករណីស្លាប់ ត្រូវបានកត់ត្រា។
-ការព្រមាននេះកើតឡើង បន្ទាប់ពី រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ជំរុញឱ្យរុស្ស៊ី ផ្តល់ព័ត៌មានបន្ថែម ទាក់ទិនការស្លាប់របស់អ្នកវិទ្យាសាស្រ្ត ដែលឆ្លងមេរោគ។
-ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងដំណើរទៅកាន់ប្រទេសអ៊ីស្លង់ កាលពីថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ លោក Rubio និយាយថា៖ «ខ្ញុំគិតថា វាជាភារកិច្ច និងទំនួលទទួលខុសត្រូវរបស់រុស្ស៊ី ក្នុងការចែករំលែកព័ត៌មានបន្ថែមទៀត ដល់ពិភពលោក។ យើងកំពុងតាមដានរឿងនេះ យ៉ាងយកចិត្តទុកដាក់បំផុត មិនរំលងមួយនាទីណាឡើយ»។

-ទន្ទឹមនោះ លោកបញ្ជាក់ថា សហរដ្ឋអាមេរិក មានវិធានការ ត្រៀមរួចជាស្រេច ដើម្បីជួយរុស្ស៊ី ប្រសិនបើស្ថានការណ៍ ប្រែជាវិវឌ្ឍធ្ងន់ធ្ងរជាងអ្វី ដែលអះអាងនោះ។
-ពិភពលោក កំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ និងឃ្លាំមើលមិនឱ្យដាច់ពីកន្ទុយភ្នែកឡើយ ចំពោះករណីលេចធ្លាយមេរោគកាចសាហាវ នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវប្រឆាំងជំងឺប៉េស្ត Irkutsk ក្នុងតំបន់ស៊ីបេរី ដែលគិតត្រឹមថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ វាបានឆក់យកជីវិតមនុស្ស ២នាក់ហើយ ដែលម្នាក់ក្នុងនោះ គឺជាអ្នកវិទ្យាសាស្រ្តនៅក្នុងមន្ទីរពិសោធន៍នេះផ្ទាល់ ដែលមិនប្រយ័ត្នធ្វើឱ្យបែកដកផ្ទុកវីរុស ខណៈមនុស្ស ២០០នាក់ទៀត កំពុងជាប់ក្នុងការធ្វើចត្តាឡីស័ក និងបន្តតាមដានយ៉ាងជាប់លាប់។
-វាគឺជាមេរោគ Yersinia pestis បង្កជាជំងឺ «ប៉េស្តសួត» ដ៏កម្រ និងកាចសាហាវ ដែលត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ទុក ជាជំងឺអាសន្នរោគសួត ទម្រង់គ្រោះថ្នាក់បំផុត៕

