អន្តរជាតិះ – សារព័ត៌មានរុស្ស៊ី The Insider បានឱ្យដឹងថា ពេលនេះ មានអ្នកជំងឺម្នាក់ទៀតហើយ ត្រូវបាត់បង់ជីវិត ក្រោយឆ្លងមេរោគកាចសាហាវ ដែលលេចធ្លាយក្នុងមន្ទីរពិសោធន៍នៅតំបន់ស៊ីបេរី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមសេចក្តីរាយការណ៍ ដែលផ្សាយបន្តដោយ Daily Mail កាលពីថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦, អ្នកជំងឺម្នាក់នេះ បានក្លាយជាជនទី២ ដែលស្លាប់ ក្រោយមរណភាពរបស់អ្នកវិទ្យាសាស្រ្ត Darya Shipilova ដែលបានធ្វើឱ្យបែកដប ផ្ទុកមេរោគ Yersinia Pestis ក្នុងតំបន់ Irkutsk។

– ទោះបីជាយ៉ាងណាក៏ដោយ អត្តសញ្ញាណជនរងគ្រោះទី២ នេះ មិនត្រូវបានបញ្ចេញជាសាធារណៈទេ ហើយព័ត៌មាននេះ ក៏មិនទាន់មានការបញ្ជាក់ជាផ្លូវការដែរ។
– សូមជម្រាបជាថ្មី ពិភពលោកកំពុងយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះការលេចធ្លាយមេរោគកាចសាហាវនេះ ដែលក្រៅពីអ្នកស្លាប់ ក៏នៅមនុស្ស ២០០នាក់ទៀត កំពុងធ្វើចត្តាឡីស័ក និងស្ថិតក្រោមការតាមដានផងដែរ ព្រោះពាក់ព័ន្ធនឹងករណីនេះ។
– មន្ទីរពេទ្យជាច្រើនក្នុងក្រុង Irkutsk ត្រូវចាក់សោរបិទទ្វារ និងដាក់ក្រោមការហ៊ុមព័ទ្ធ រយៈពេល ៣ សប្តាហ៍ ខណៈអាជ្ញាធរក្នុងតំបន់ ចាប់ផ្តើមអនុវត្តកាតព្វកិច្ចពាក់ម៉ាស នៅតាមទីតាំងនានា និងដាក់ចេញវិធានការការពារ យ៉ាងតឹងរ៉ឹងបំផុត។
– លើសពីនេះ ដោយសារតែក្តីបារម្ភនៃការរីករាលដាលវីរុស កាន់តែធ្ងន់ធ្ងរ អាជ្ញាធររុស្ស៊ី បានប្រកាសផ្អាកពិធីនានា ក៏ដូចជាព្រឹត្តិការណ៍ទាំងឡាយ នៅក្នុងតំបន់ Irkutsk ហើយក៏មានការតាមស្រាវជ្រាវរកអ្នក ជាប់ពាក់ព័ន្ធករណីនេះផងដែរ។
– រដ្ឋបាលក្រុង Baykalsk នៃតំបន់ Irkutsk បានបង្ហោះសារមួយ លើបណ្តាញសង្គម ដោយស្នើឱ្យប្រជាពលរដ្ឋកាត់បន្ថយ ឬកម្រិតការធ្វើដំណើរទៅកាន់ទីក្រុង Shelekhov និងតំបន់ប្រជុំជននៅក្បែរនោះ ជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពជុំវិញការគំរាមកំហែងនេះ ត្រូវបានបកស្រាយច្បាស់លាស់ ក្រោយលេចឮព័ត៌មានថា មានករណីឆ្លងនៅទីនោះ។
– ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងមូស្គូ បានច្រានចោលក្តីបារម្ភទាំងឡាយ ខណៈអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថ្លែងថា សាធារណជន គប្បីជឿជាក់តែលើព័ត៌មានបច្ចុប្បន្នភាព ដែលចេញផ្សាយដោយផ្ទាល់ពី ស្ថាប័នសុខាភិបាលផ្លូវការរបស់រុស្ស៊ី ទៅបានហើយ៕
