អន្តរជាតិះ – តម្លៃប្រេងអន្តរជាតិប្រែប្រួលតិចតួចសម្រាប់ការជួញដូរលើទីផ្សារអាស៊ីព្រឹកថ្ងៃអង្គារនេះ ខណៈទីផ្សារកំពុងវាយតម្លៃពីលំហូរប្រេងនាំចេញពីមជ្ឈិមបូព៌ា និងការបញ្ចេញស្តុកប្រេងគ្រាអាសន្នភាពរបស់ក្រុមប្រទេសអភិវឌ្ឍទាំង៧ (G7) ធៀបនឹងភាពតានតឹងមជ្ឈិមបូព៌ា ដែលបន្តអូសបន្លាយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តម្លៃប្រេងឆៅ Brent បានកើនឡើង ៤១ សេន ឬ ០,៤១% មកនៅត្រឹម ១០០,៧០ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជាង ១១ ព្រឹក នៅទីក្រុងហុងកុង ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានកើនឡើង ៣២ សេន ឬ ០,៣៦% ដល់ ៨៩,៧៥ ដុល្លារ/បារ៉ែល។
– អ្នកវិភាគបានឱ្យដឹងថា តម្លៃប្រេងនៅតែរងសម្ពាធ ទោះបីជាកង្វល់ផ្នែកផ្គត់ផ្គង់បានធូរស្រាលខ្លះហើយក៏ដោយ។ ការកើនឡើងនៃការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីត និងការសម្រេចចិត្តរបស់ក្រុមប្រទេសអភិវឌ្ឍទាំង៧ (G7) ក្នុងការបញ្ចេញប្រេងពីស្តុកយុទ្ធសាស្ត្រ ១០០ លានបារ៉ែល បានជួយទប់ស្កាត់ការកើនឡើងខ្លាំងនៃតម្លៃ ប៉ុន្តែ Brent នៅតែស្ថិតក្នុងរង្វង់ ១០០ ដុល្លារ/បារ៉ែល។
– ទិន្នន័យដឹកជញ្ជូនបង្ហាញថា ការនាំចេញប្រេងឆៅពីតំបន់មជ្ឈិមបូព៌ាបានកើនឡើងលើសកម្រិតមុនសង្គ្រាមក្នុងរយៈពេល ៤ ថ្ងៃក្នុងសប្តាហ៍ចុងក្រោយនៃខែកញ្ញា។ នេះបង្ហាញថា លំហូរប្រេងពីតំបន់នេះនៅតែមានភាពធន់ ទោះបីការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូសប្រឈមនឹងការវាយប្រហារ និងការលំបាកកាន់តែខ្លាំងក៏ដោយ។
– ប៉ុន្តែមែនទែនទៅ ហានិភ័យចំពោះការផ្គត់ផ្គង់នៅតែខ្ពស់នៅឡើយ។ ក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែន បានអះអាងកាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើការវាយប្រហារលើទីតាំងជាច្រើនក្នុងប្រទេសអារ៉ាប៊ីសាអូឌីត រួមមានអាកាសយានដ្ឋានអន្តរជាតិ King Khalid នៅទីក្រុងរីយ៉ាដ រោងចក្រចម្រាញ់ប្រេង Aramco នៅក្រុង Rabigh និងអាកាសយានដ្ឋាន Abha។ ភាគីអារ៉ាប៊ីសាអូឌីត មិនទាន់មានការបញ្ជាក់ភ្លាមៗអំពីការវាយប្រហារទាំងនេះទេ។
– ស្ថានការណ៍កាន់តែស្មុគស្មាញដោយសារការចរចារវាងអាមេរិក និងអ៊ីរ៉ង់នៅតែជាប់គាំង ខណៈជម្លោះនៅក្នុងតំបន់អាចបង្កហានិភ័យដល់ហេដ្ឋារចនាសម្ព័ន្ធផលិត និងដឹកជញ្ជូនប្រេង។ អ្នកជំនាញនិយាយថា ទោះបីលំហូរប្រេងសម្រាប់ការផ្គត់ផ្គង់កើនឡើងវិញក្ដី ទីផ្សារនៅតែប្រុងប្រយ័ត្ន៕
