សម្ព័ន្ធមិត្ត អារ៉ាប៊ីសាអូឌីត បញ្ជូនយន្តហោះចម្បាំង ១០០គ្រឿង ស្រោចគ្រាប់បែកកម្ទេចទីតាំងក្រុមហ៊ូធី

អន្តរជាតិះ – លោកឧត្តមសេនីយ៍ Turki al-Malki អ្នកនាំពាក្យកងទ័ពអាកាសអារ៉ាប៊ីសាអូឌីត បានថ្លែងថា យន្តហោះចម្បាំងប្រហែល ១០០ គ្រឿង នៃសម្ព័ន្ធមិត្តយោធារបស់ខ្លួន បានបើកការវាយប្រហារជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី ៥ ខែតុលា ក្នុងយុទ្ធនាការមួយដែលត្រូវបានហៅថា «ប្រតិបត្តិការព្រលឹមស្រាងៗនៃយេម៉ែន»។

– យោងតាមការចេញផ្សាយពី Times Of Israel លោកបានប្រកាសនៅលើបណ្តាញសង្គម X ថា ការវាយប្រហារទាំងនោះ បានបំផ្លាញគោលដៅសំខាន់ៗ ចំនួន ៣២៤ កន្លែង ហើយបច្ចុប្បន្នសម្ព័ន្ធមិត្តកំពុងផ្តល់ការការពារតាមអាកាសសម្រាប់នាវាចរណ៍ ដែលកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bab al-Mandeb។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ឧត្តមសេនីយ៍រូបនេះ ថែមទាំងគូសបញ្ជាក់បន្ថែមថា សម្ព័ន្ធមិត្តក៏កំពុងផ្តល់ការគាំទ្រតាមអាកាស «២៤ម៉ោងលើ២៤ម៉ោង» ដល់កងកម្លាំងរដ្ឋាភិបាលយេម៉ែននៅលើដីផងដែរ។

– កាលពីម្សិលមិញ រដ្ឋាភិបាលស្របច្បាប់របស់យេម៉ែន ដែលទទួលស្គាល់ដោយអន្តរជាតិ និងគាំទ្រដោយអារ៉ាប៊ីសាអូឌីត បានប្រកាសថា ខ្លួនកំពុងបើកយុទ្ធនាការយោធាទ្រង់ទ្រាយធំមួយ ដើម្បីវាយដណ្តើមយកតំបន់ទាំងអស់នៅក្នុងប្រទេស ដែលកំពុងគ្រប់គ្រងដោយក្រុមហ៊ូធី កងជីវពលគាំទ្រដោយប្រទេសអ៊ីរ៉ង់ មកវិញ។

– ជាការឆ្លើយតប ក្រុមហ៊ូធីបានបាញ់ស្រោចនូវគ្រាប់មីស៊ីលបាលីស្ទីក មីស៊ីលប្រភេទ Cruise និងដ្រូន (UAVs) ជាច្រើនគ្រឿង សំដៅទៅលើព្រលានយន្តហោះ King Khalid ក្នុងក្រុងរីយ៉ាដ រោងចក្រចម្រាញ់ប្រេង Aramco ក្នុងក្រុង Rabigh ព្រលានយន្តហោះ Abha មូលដ្ឋានទ័ពអាកាសក្បែរក្រុង Khamis Mushait និងតំបន់ផ្សេងទៀតនៅភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីត។

– សូមជម្រាបជូនថា ការវាយប្រហារទាំងនេះបានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលយេម៉ែន បានប្រកាសកាលពីថ្ងៃទី ៤ ខែតុលា នូវគោលដៅមហិច្ឆតារបស់ខ្លួនក្នុងការវាយដណ្តើមយកមកវិញនូវរាល់តំបន់គ្រប់គ្រងដោយក្រុមហ៊ូធី អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ដែលជាកន្លែងមានប្រជាជនរស់នៅច្រើនបំផុត៕

 

You might like