អុីរ៉ង់ បើកមណ្ឌលហ្វឹកហ្វឺនយោធាកណ្តាលក្រុងតេហេរ៉ង់ ខណៈភាពតានតឹងជាមួយអាម៉េរិក កើនឡើង

អន្តរជាតិះ – កងទ័ពអុីរ៉ង់ គ្រោងចាប់ផ្តើមផ្តល់ការហ្វឹកហ្វឺនយោធាកម្រិតមូលដ្ឋានដល់ប្រជាពលរដ្ឋស្ម័គ្រចិត្ត ក្រោមកម្មវិធីថ្មីមួយដែលមានគោលបំណងត្រៀមពលរដ្ឋសម្រាប់ «ការពារជាតិ» ខណៈភាពតានតឹងជាមួយសហរដ្ឋអាម៉េរិក និងអុីស្រាអែលនៅតែមានកម្រិតខ្ពស់។ នេះបើយោងតាមសារព័ត៌មានអាស៊ែបៃហ្សង់ AzerNews ដោយដកស្រង់ពីទីភ្នាក់ងារព័ត៌មាន West Asia News Agency (WANA) ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកឧត្តមសេនីយ៍ត្រី Mohammad Reza Alian-Nejad អនុប្រធានផ្នែកហ្វឹកហ្វឺន និងអប់រំនៃកងទ័ពអុីរ៉ង់ បានឱ្យដឹងថា កម្មវិធីនេះមានឈ្មោះ «Janfada» ហើយនឹងចាប់ផ្តើមនៅមណ្ឌលហ្វឹកហ្វឺនចំនួន ៣ ដែលបានកំណត់ក្នុងទីក្រុងតេហេរ៉ង់។

– ក្រោមកម្មវិធីនេះ បុគ្គលិកមកពីកងទ័ពអុីរ៉ង់ទាំង ៤ សាខា នឹងត្រូវបញ្ជូនទៅកាន់ទីតាំងយោធាដែលបានកំណត់ ដើម្បីផ្តល់ការបណ្តុះបណ្តាលយោធាមូលដ្ឋានដល់ប្រជាពលរដ្ឋស្ម័គ្រចិត្ត។

– លោក Alian-Nejad បានបញ្ជាក់ថា អ្នកចូលរួមនឹងចាប់ផ្តើមពីការហ្វឹកហ្វឺនយោធាកម្រិតមូលដ្ឋាន ហើយបន្ទាប់មកអាចបន្តទៅវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ជាងនេះ។

– កម្មវិធីនេះមានគោលបំណងផ្តល់ជំនាញ និងចំណេះដឹងយោធាមូលដ្ឋានដល់ប្រជាពលរដ្ឋដែលចូលរួម ដើម្បីឱ្យពួកគេអាចប្រើប្រាស់ជំនាញទាំងនេះ ក្នុងករណីប្រទេសត្រូវការចូលរួមក្នុងការការពារជាតិ។

– យ៉ាងណាក្តី អាជ្ញាធរអុីរ៉ង់មិនទាន់បានបញ្ជាក់ពីរយៈពេលនៃវគ្គហ្វឹកហ្វឺន ចំនួនអ្នកស្ម័គ្រចិត្តដែលរំពឹងថានឹងចូលរួម ឬថាតើកម្មវិធីនេះនឹងត្រូវពង្រីកទៅតំបន់ផ្សេងទៀតក្រៅពីទីក្រុងតេហេរ៉ង់នៅពេលក្រោយឬយ៉ាងណានោះទេ។

– ការប្រកាសនេះធ្វើឡើង ខណៈក្រុងតេហេរ៉ង់កំពុងប្រឈមនឹងការព្រួយបារម្ភជាថ្មីអំពីលទ្ធភាពនៃសកម្មភាពយោធារបស់សហរដ្ឋអាម៉េរិក និងកំពុងត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការកើនឡើងនៃភាពតានតឹងម្តងទៀត៕

 

You might like