អន្តរជាតិះ – តម្លៃប្រេងឆៅអន្តរជាតិបានហក់ឡើងជាង ៤ ដុល្លារ នៅពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ ដោយសារកង្វល់ជុំវិញការរឹតត្បិតការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅលើទីផ្សារពិភពលោក បន្ទាប់ពីចិនផ្អាកការនាំចេញប្រេងឥន្ធនៈ និងមានរបាយការណ៍ថា សហរដ្ឋអាមេរិកកំពុងបង្កើនកម្លាំងយោធានៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តម្លៃប្រេងឆៅ Brent បានកើនឡើងជាង ៤ ដុល្លារ/បារ៉ែល ខណៈប្រេង WTI កើនឡើងជាង ២ ដុល្លារ/បារ៉ែល នៅថ្ងៃព្រហស្បតិ៍។ តម្លៃប្រេងអន្តរជាតិសំខាន់ៗទាំង២ បន្តកើនឡើងបន្តិចទៀតនៅព្រឹកថ្ងៃសុក្រ។ តម្លៃ Brent បានកើន ២៩ សេន ឬ ០,២៨% ដល់ ១០២,៦០ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៨ កន្លះព្រឹកនៅទីក្រុងហុងកុង ខណៈ WTI បានកើនឡើង ២៧ សេន ឬ ០,២៩% ដល់ ៩៣,១៤ ដុល្លារ/បារ៉ែល។
– ការកើនឡើងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍កើតឡើង បន្ទាប់ពីមានព័ត៌មានថា ចិនបានរឹតត្បិតការនាំចេញប្រេងឥន្ធនៈ ដែលបង្កើនការព្រួយបារម្ភថា ការផ្គត់ផ្គង់ប្រេងម៉ាស៊ូត ប្រេងសាំង និងប្រេងយន្តហោះនៅលើទីផ្សារពិភពលោកអាចកាន់តែតឹងតែង។
– ចិនធ្លាប់បានរឹតត្បិតការនាំចេញប្រេងឥន្ធនៈកាលពីខែមីនា មុនពេលបន្ធូរវិញនៅខែកក្កដា។
– ចិនបានចាប់ផ្តើមពិធីបុណ្យជាតិរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ប៉ុន្តែមិនទាន់អនុញ្ញាតឱ្យរោងចក្រចម្រាញ់ប្រេងធំៗនាំចេញប្រេងទៅកាន់ទីផ្សារក្រៅពីហុងកុង និងម៉ាកាវក្នុងខែតុលា នៅឡើយទេ។ មិនទាន់មានភាពច្បាស់លាស់ថា ការអនុញ្ញាតនាំចេញនឹងត្រូវបានបន្តឡើងវិញឬយ៉ាងណា ក្រោយចប់ថ្ងៃឈប់សម្រាក។
– ជាមួយគ្នានេះ កាសែត Wall Street Journal បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងត្រៀមបញ្ជូននាវាផ្ទុកយន្តហោះទី ៣ និងកងទ័ពបន្ថែមរហូតដល់ ១០ ០០០នាក់ទៅកាន់មជ្ឈិមបូព៌ា ខណៈប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិចារណាថាតើត្រូវបន្តការវាយប្រហារលើអ៊ីរ៉ង់ឡើងវិញឬយ៉ាងណា បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។
– អ្នកជំនាញមើលឃើញថា ព័ត៌មានទាំងនេះបានបង្កើនការព្រួយបារម្ភអំពីហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ប្រេង និងប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ។
– ក៏មានសេចក្ដីរាយការណ៍ផងដែរថា សហរដ្ឋអាមេរិកបានជំរុញឱ្យប្រទេសអឺរ៉ុប ដូចជា អាល្លឺម៉ង់ និងបារាំង បញ្ចេញស្តុកប្រេងម៉ាស៊ូតបម្រុង ដើម្បីជួយបន្ធូរភាពតានតឹងលើតម្លៃប្រេង។ Reuters រាយការណ៍ថា សហរដ្ឋអាមេរិកបានស្នើឱ្យសហភាពអឺរ៉ុបបញ្ចេញប្រេងម៉ាស៊ូតប្រមាណ ១២០លានបារ៉ែល ក្នុងរយៈពេល៦ខែ។
– អ្នកវិភាគទីផ្សារបានលើកឡើងថា តម្លៃប្រេងកំពុងរងសម្ពាធពីកត្តាផ្ទុយគ្នា។ ការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេង និងភាពតានតឹងភូមិសាស្ត្រនយោបាយជំរុញតម្លៃឱ្យឡើង ខណៈការផ្គត់ផ្គង់ពីប្រទេសផលិតប្រេងមួយចំនួន និងការរំពឹងថានឹងមានប្រេងបន្ថែមនៅលើទីផ្សារ ជួយទប់ការកើនឡើង។
– សម្រាប់សប្តាហ៍នេះ តម្លៃ Brent ត្រូវបានរំពឹងថានឹងធ្លាក់ចុះប្រមាណ ១,៩៣% បើគិតត្រឹមពេលនេះ បើទោះបីជាវាបានកើនប្រមាណ ១៤% ក្នុងខែកញ្ញា។ ចំណែក WTI បានកើនប្រមាណ ៤% ក្នុងខែកញ្ញា៕
