តុលាការអាមេរិក បើកផ្លូវឱ្យរដ្ឋ Tennessee ប្រហារជីវិតអ្នកទោសស្រ្តីលើកដំបូង ក្នុងរយៈពេល ២០០ ឆ្នាំ

អន្តេរជាតិះ- តុលាការកំពូលសហរដ្ឋអាមេរិក បានសម្រេចយល់ព្រមជាមួយរដ្ឋ Tennessee ដើម្បីបើកផ្លូវឱ្យមានការប្រហារជីវិតស្ត្រីលើកដំបូង ក្នុងរយៈពេល ២០០ឆ្នាំ ដោយអនុញ្ញាតឱ្យបន្តនីតិវិធីចាក់ថ្នាំពុលលើជនជាប់ចោទ Christa Pike ពីបទឃាតកម្មលើមិត្តរួមសាលាកាលពីបីទសវត្សរ៍មុន ពេលដែលនាងមានអាយុ ១៨ឆ្នាំ។

– នាយកដ្ឋានកែទម្រង់រដ្ឋ Tennessee បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់មកថា ខ្លួនមានគម្រោងបន្តការប្រហារជីវិតនៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យ៉ាងណាក៏ដោយ លោកស្រី Pike មានអាយុ ៥០ឆ្នាំ ក៏ធ្លាប់បានដាក់ពាក្យស្នើសុំលើកលែងទោសរបស់គាត់ ដោយលើកឡើងពីរឿងរ៉ាវរងគ្រោះក្នុងវ័យកុមារភាព និងការរំលោភបំពានផ្លូវភេទ។ ប៉ុន្តែនាងត្រូវបានបដិសេធដោយអភិបាលរដ្ឋ លោក Bill Lee កាលពីថ្ងៃចន្ទ។ ហេតុនេះ នាងនឹងក្លាយជាបុគ្គលតែមួយគត់ក្នុងសម័យទំនើបដែលរងការដាក់ទោសប្រហារជីវិតនៅអាមេរិក ហើយត្រូវបានប្រហារជីវិតក្នុងរដ្ឋ Tennessee ចំពោះបទឧក្រិដ្ឋដែលបានប្រព្រឹត្តពេលនៅជាយុវវ័យ។

– ដើមចមនៃសំណុំរឿងឈានទៅដល់ការប្រហារជីវិតនេះ បានកើតឡើងកាលពីខែមករា ឆ្នាំ១៩៩៥ នៅក្នុងក្រុង Knoxville រដ្ឋ Tennessee ដែលជាករណីឃាតកម្មដ៏សាហាវយង់ឃ្នងមួយ ធ្វើឱ្យកក្រើកប្រព័ន្ធផ្សព្វផ្សាយទូទាំងសហរដ្ឋអាមេរិកនាសម័យកាលណោះ។

– ជនល្មើស Christa Pike (កាលណោះអាយុ ១៨ ឆ្នាំ) និងជនរងគ្រោះ Colleen Slemmer (អាយុ ១៩ ឆ្នាំ) គឺជាមិត្តរួមថ្នាក់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Knoxville Job Corps។ លោកស្រី Pike បានសង្ស័យ និងប្រចណ្ឌថា Slemmer ព្យាយាមដណ្តើមយកចិត្តមិត្តប្រុសរបស់នាង គឺយុវជន Tadaryl Shipp (អាយុ ១៧ ឆ្នាំ)។ ជនជាប់ចោទ រួមជាមួយមិត្តប្រុស និងមិត្តភក្តិម្នាក់ទៀតឈ្មោះ Shadolla Peterson បានរួមគំនិតគ្នាល្បួងជនរងគ្រោះ ឱ្យដើរចូលទៅក្នុងតំបន់ព្រៃដាច់ស្រយាលមួយកន្លែង។

– នៅពេលទៅដល់ទីនោះ ពួកគេបានព្រួតគ្នាធ្វើទារុណកម្ម និងវាយដំទៅលើជនរងគ្រោះ យ៉ាងព្រៃផ្សៃ អស់រយៈពេលជាច្រើនម៉ោង។ អ្វីដែលធ្វើឱ្យមហាជនរន្ធត់បំផុតនោះគឺ ជនល្មើសបានឆ្លាក់រូបផ្កាយប្រាំ ដែលជាតំណាងឱ្យការថ្វាយបង្គំសាតាំងនៅលើទ្រូងរបស់ជនរងគ្រោះ មុនពេលវាយសម្លាប់នាង។ ក្រោយពេលជនរងគ្រោះស្លាប់ Pike ថែមទាំងបានកាច់បំណែកលលាដ៍ក្បាលរបស់ Slemmer យកតាមខ្លួន ទុកធ្វើជាកាដូអនុស្សាវរីយ៍នៃសកម្មភាពឃាតកម្មនោះទៀតផង។

– នៅក្នុងការកាត់ក្តីនាពេលនោះ លោកស្រី Christa Pike ត្រូវបានរកឃើញថា ជាមេខ្លោង និងត្រូវតុលាការកាត់ទោសប្រហារជីវិត ខណៈមិត្តប្រុសរបស់នាង ជាប់ជាប់ពន្ធនាគារអស់មួយជីវិត ដោយសារតែគេជាអនីតិជន ពេលប្រព្រឹត្តបទល្មើស។ ចំណែកឯ Peterson ដែលជាអ្នកយាមផ្លូវ បានយល់ព្រមធ្វើជាសាក្សីឱ្យតុលាការ ទើបទទួលត្រឹមការព្យួរទោសប៉ុណ្ណោះ។

– រហូតមកដល់បច្ចុប្បន្ន ជនជាប់ចោទ គឺជាអ្នកទោសស្ត្រីតែម្នាក់គត់ ដែលស្ថិតក្នុងជួររង់ចាំការប្រហារជីវិតនៅក្នុងរដ្ឋ Tennessee៕

 

You might like