អន្តរជាតិះ – គេហទំព័រ Axios បានដកស្រង់សម្តីប្រភពព័ត៌មាននានាថា កិច្ចខិតខំប្រឹងប្រែងរបស់ភាគីសម្របសម្រួលកាតា ដើម្បីស្វែងរកដំណោះស្រាយផ្នែកការទូតសម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅសប្តាហ៍នេះ បានបរាជ័យ ដោយសារភាគីទាំងពីរមិនព្រមបត់បែន និងសម្របសម្រួលគ្នាឡើយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ប្រភពទាំងនោះ បានលើកឡើងថា ការខ្វះវឌ្ឍនភាពជាក់ស្តែងអាចនាំឱ្យភាគីទាំងពីរសម្រេចចិត្តចាប់ផ្តើមការប្រយុទ្ធគ្នាម្តងទៀត។ គេហទំព័រនេះ ក៏ដូចជាបណ្តាញផ្សព្វផ្សាយអាមេរិកផ្សេងទៀតដែរ បានរាយការណ៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងបញ្ជាឱ្យចាប់ផ្តើមប្រតិបត្តិការឡើងវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សភាអាមេរិក នៅខែវិច្ឆិកា។
– ប្រភពព័ត៌មានរបស់ Axios បានឱ្យដឹងថា ប្រទេសកាតា នឹងបន្តព្យាយាមស្វែងរកដំណោះស្រាយតាមផ្លូវការទូត ប៉ុន្តែក៏សម្ដែងការខកចិត្ត ចំពោះសកម្មភាពរបស់ភាគីទាំងពីរផងដែរ។
– កាលពីថ្ងៃចន្ទ ភាគីនានាបានពិភាក្សាអំពីសំណើសម្របសម្រួលរបស់កាតា ដែលស្នើឱ្យមានការលុបចោលការបិទខ្ទប់ប្រឆាំងនឹងអ៊ីរ៉ង់ និងលទ្ធភាពដែលទីក្រុងតេអេរ៉ង់អាចធ្វើការសម្បទានលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
– អនុប្រធានាធិបតីអាមេរិក លោក JD Vance ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនោះដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានមួយ បានប្រាប់ឱ្យដឹងថា មិនមានវឌ្ឍនភាពសំខាន់ណាមួយត្រូវបានកត់សម្គាល់ឡើយក្នុងអំឡុងពេលនៃការពិភាក្សានោះ។
– ទោះជាយ៉ាងណា ការវាយប្រហារឡើងវិញត្រូវបានគេរំពឹងថានឹងកើតឡើង ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅអាមេរិក ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ព្រមានដូច្នេះផងដែរ៕

