ភ្នំពេញះ – ក្រសួងអប់រំ យុវជន និងកីឡា បានផលិតវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម្រាប់បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដើម្បីផ្តល់ជូនដោយឥតគិតថ្លៃ និងអាចយកទៅប្រើប្រាស់តាមច្បាប់អនុញ្ញាត។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបានស្នើឱ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ចាត់បុគ្គលិកអប់រំរបស់មន្ទីរ ដោយភ្ជាប់មកជាមួយលិខិតឧទ្ទេសនាមប្រើប្រាស់ថវិកាអង្គភាពរបស់មន្ទីរសាមី ដើម្បីមកទទួលយកវិញ្ញាបនបត្របណ្តោះអាសន្ននេះ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។ ការទទួលវិញ្ញាបនបត្រធ្វើឡើងនៅសាលពហុបំណង នៃអគាររដ្ឋបាលក្រសួង «ចៅពញាហុក» ជាន់ទី៥។
– ជាមួយគ្នានេះ ក្រសួងបានណែនាំឱ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់មន្ទីរ និងនាយក-នាយិកាគ្រឹះស្ថានមធ្យមសិក្សាដែលមានបេក្ខជនប្រឡងជាប់ ដើម្បីរៀបចំយន្តការ និងនីតិវិធីក្នុងការផ្តល់វិញ្ញាបនបត្រជូនបេក្ខជន។
– ក្រសួងក៏បានតម្រូវឱ្យមន្ទីររៀបចំសេចក្តីជូនដំណឹងលម្អិតបន្ថែម ដើម្បីអនុវត្តការផ្តល់វិញ្ញាបនបត្របណ្តោះអាសន្នប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។ រាល់បាតុភាពដែលកើតចេញពីការផ្តល់វិញ្ញាបនបត្របណ្តោះអាសន្ននេះ ជាការទទួលខុសត្រូវរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត៕

