អន្តរជាតិះ – លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកមិនទាន់ទទួលបានចម្លើយច្បាស់លាស់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះសំណើសុំជំនួយជាមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ដល់ប្រទេសអ៊ុយក្រែននោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ហ្សេលេនស្គី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ខ្ញុំមិនទទួលបានការឆ្លើយតបជាក់លាក់ណាមួយចំពោះសំណើសុំជំនួយជាមីស៊ីលសម្រាប់ប្រព័ន្ធ Patriot ទេ។ យើងកំពុងជួបប្រទះការខ្វះខាតមីស៊ីលទាំងនេះ។
– លោក បានបន្ថែមថា លោក ព្រមធ្វើគ្រប់យ៉ាង ដើម្បីទទួលបានមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាសនេះ។

– កាលពីថ្ងៃទី ៨ ខែកញ្ញា បណ្តាប្រទេសសហភាពអឺរ៉ុប (EU) បានអនុម័តលើការលើកលែងពិសេសមួយ ដែលអនុញ្ញាតឱ្យអ៊ុយក្រែនអាចទិញមីស៊ីលសម្រាប់ប្រព័ន្ធ Patriot ដោយប្រើប្រាស់ថវិកាពីកម្មវិធីផ្តល់មូលនិធិរបស់ EU ដែលមានទំហំទឹកប្រាក់ ៩០ ពាន់លានអឺរ៉ូ។
– ទីក្រុងគៀវ បានស្នើសុំការអនុញ្ញាតជាផ្លូវការពីគណៈកម្មការអឺរ៉ុប ដើម្បីទិញមីស៊ីលរបស់អាមេរិក ដោយសារកម្មវិធីនេះដំណើរការក្រោមវិធានដែលផ្តល់អាទិភាពដល់ការទិញអាវុធពីក្រុមហ៊ុនយោធារបស់អឺរ៉ុប។
– ទន្ទឹមនោះ ក្រសួងការពារជាតិចក្រភពអង់គ្លេស ក៏បានប្រកាសពីបែងចែកថវិកាចំនួន ១០០ លានផោន (ស្មើនឹង ១៣៥ លានដុល្លារអាមេរិក) ដើម្បីទិញមីស៊ីលសម្រាប់ប្រព័ន្ធ Patriot ពីសហរដ្ឋអាមេរិក សម្រាប់តម្រូវការរបស់អ៊ុយក្រែន ផងដែរ។
– ដោយឡែក ទីក្រុងមូស្គូ បានសង្កត់ធ្ងន់ជាច្រើនដងថា ការដែលបណ្តាប្រទេសលោកខាងលិចផ្គត់ផ្គង់អាវុធដល់ទីក្រុងគៀវ និងការជួយបណ្តុះបណ្តាលបុគ្គលិកយោធាអ៊ុយក្រែន គឺគ្រាន់តែធ្វើឱ្យជម្លោះអូសបន្លាយពេលយូរតែប៉ុណ្ណោះ ហើយមិនបានផ្លាស់ប្តូរស្ថានភាពនៅលើសមរភូមិនោះទេ៕
