តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះ ចំពេលកង្វល់​ផ្គត់ផ្គង់​ពីមជ្ឈិមបូព៌ាថយចុះ

អន្តរជាតិះ- តម្លៃប្រេងឆៅអន្តរជាតិ​បាន​បន្តធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ ​បន្ទាប់ពី​អារ៉ាប៊ីសាអូឌីត​បាន​ផ្ដល់ជូនការដឹកជញ្ជូនប្រេងឆៅបន្ថែម​​តាមរយៈប្រទេសអូម៉ង់ ​ដោយជួយបន្ធូរបន្ថយ​កង្វល់ផ្នែកផ្គត់ផ្គង់ប្រេង​ពីមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តម្លៃប្រេងឆៅ Brent ​បានធ្លាក់ចុះ ១,២៤ ដុល្លារ ឬ ១,២% មកនៅត្រឹម ១០៤,៥៩ ដុល្លារ/បារ៉ែល គិតត្រឹម​ម៉ោងជិត ៩ ព្រឹកនៅទីក្រុងហុងកុង ខណៈតម្លៃប្រេង​ WTI របស់សហរដ្ឋអាមេរិក បាន​ធ្លាក់ចុះ ១,១៤ ដុល្លារ ឬ ១,១% មកនៅ ១០១,២៩ ដុល្លារ/បារ៉ែល។

– តម្លៃប្រេងទាំង២ បាន​ធ្លាក់ចុះប្រមាណ ៣ ដុល្លារ​ ពេលបិទការជួញដូរកាលពីថ្ងៃពុធ។

– អ្នកវិភាគមួយចំនួនបាននិយាយថា ការដឹកជញ្ជូនប្រេងរបស់អារ៉ាប៊ីសាអូឌីតតាមរយៈអូម៉ង់ បានជួយកាត់បន្ថយក្តីបារម្ភអំពីការខ្វះខាតប្រេង។ ទន្ទឹមនឹងនេះ ក្តីរំពឹងថាភាពតានតឹងនៅមជ្ឈិមបូព៌ាអាច​ធូរ​ស្រាល មុនជំនួបកំពូលរវាងសហរដ្ឋអាមេរិក និងចិននៅសប្តាហ៍ក្រោយ ក៏បានដាក់សម្ពាធលើតម្លៃប្រេងផងដែរ។

– អារ៉ាប៊ីសាអូឌីតកំពុង​បង្កើនការដឹងប្រេងឆៅបន្ថែមទៅកាន់រោងចក្រចម្រាញ់ប្រេងនៅអាស៊ី តាមរយៈការផ្ទេរប្រេងពីនាវាមួយទៅនាវាមួយនៅតំបន់ឆ្នេរ Sohar ប្រទេសអូម៉ង់។ វិធានការនេះ អាចជួយ​ប៉ះប៉ូវ​ពី​​ផល​រំខាននៃការបិទបំពង់បង្ហូរលិច-កើតរបស់អារ៉ាប៊ីសាអ៊ូឌីត។

– គួរគូសបញ្ជាក់ថា តម្លៃប្រេងបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រហែល ៤ ខែនៅដើមសប្តាហ៍​នេះ ​ជុំវិញភាពតានតឹងនៃជម្លោះអាមេរិក-​អ៊ីរ៉ង់ និងការបិទបំពង់បង្ហូរប្រេងលិច-កើត ក្រោយ​រង​ការវាយប្រហារដោយដ្រូន។

– ទោះបីតម្លៃ​ប្រេងធ្លាក់ចុះនៅពេលនេះក៏ដោយ ​ក្ដីបារម្ភពីកំណើនភាពតានតឹងនៃសង្គ្រាមនៅមជ្ឈិមបូព៌ា​នៅតែបន្ត ដែលធ្វើឱ្យតម្លៃនៅតែមានទំនោរខ្ពស់៕

You might like