ភ្នំពេញះ – សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរម្លឹកដល់គ្រូពេទ្យទាំងអស់ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងវិជ្ជាជីវៈរបស់ខ្លួនដោយតម្កល់អាយុជីវិតអ្នកជំងឺជាធំ។ សម្ដេចបានផ្ដាំថា គ្រូពេទ្យដែលល្អ គឺត្រូវមានទាំងជំនាញវិជ្ជាជីវៈ និងប្រើបេះដូងក្នុងការបំពេញតួនាទីរបស់ខ្លួនចំពោះអ្នកជំងឺ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៅកាន់គ្រូពេទ្យនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យហ្លួងម៉ែ ក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះថា «សូមបន្តបំពេញតួនាទី ភារកិច្ចប្រកបដោយសីលធម៌ វិជ្ជាជីវៈ និងតម្កល់អាយុជីវិតអ្នកជំងឺជាឧត្តមប្រយោជន៍របស់អង្គភាពផង និងសាម៉ីផង ដោយត្រូវចាំថាគ្រូពេទ្យល្អ គឺត្រូវមានទាំងជំនាញ និងបេះដូង»។
– ជាទស្សនៈរបស់សម្ដេចធិបតី អ្នកដែលរៀនពេទ្យ គឺព្រោះតែការស្រលាញ់ និងចង់ជួយសង្គ្រាមអាយុជីវិតមនុស្ស តែមិនមែនដោយសារតែអាជីពនេះមានចំណូលច្រើនតែមួយផ្នែកនោះឡើយ។ សម្ដេច ថា កត្តាជីវភាពជាផ្នែកមួយ តែសំខាន់ជាបំណងរបស់គ្រូពេទ្យ គឺចង់ជួយមនុស្ស។
– តែយ៉ាងណា ពីវេទិកានៅព្រឹកនេះ សម្ដេចធិបតីបានផ្ដាំផ្ញើបន្ថែមដល់គ្រូពេទ្យត្រូវអនុវត្តគោលការណ៍៣ឆាប់ គឺរកឃើញឆាប់ បញ្ជូនឆាប់ និងព្យាបាលឆាប់។ សម្ដេចបានបន្តក្នុងប្រសាសន៍ដើមថា «ឆាប់ទាំង៣គឺពេលវេលាសំខាន់សម្រាប់អ្នកជំងឺ ពិសេសសមត្ថភាពក្នុងការព្យាបាលនៅនឹងកន្លែង និងគ្រោះថ្នាក់ធ្ងន់ ដែលខ្ញុំតែងនិយាយថាពេទ្យមិនមែនជាទេវតា តែជាប្រតិបត្តិកររបស់ទេវតា»។
– ប្រតិបត្តិករទេវតានៅទីនេះ សម្ដេចនាយករដ្ឋមន្ត្រី ចង់មានន័យថា គ្រូពេទ្យអាចជួយអ្នកជំងឺដែលឈឺធ្ងន់ឱ្យទៅជាឈឺស្រាល ហើយបានជាសះស្បើយ និងជួយទាំងអ្នកដែលរងហានិភ័យនឹងបាត់បង់ជីវិតឱ្យមានជីវិតឡើងវិញ។ ដូច្នេះសម្ដេចបានសង្កត់ធ្ងន់ថា ប្រសិទ្ធភាព សមត្ថភាព បូកនឹងក្រមសីលធម៌វិជ្ជាជីវៈ គឺជាកិច្ចការចម្បងសម្រាប់គ្រូពេទ្យទាំងអស់៕

