អន្តរជាតិះ – សង្គ្រាមពាក្យសម្តីចាប់ផ្តើមផ្ទុះឡើងយ៉ាងក្តៅគគុករវាងរុស្ស៊ី និងប៉ូឡូញ ដោយប្រទេសទាំងពីរ បានគំរាមដាក់គ្នាខ្លាំងៗ រុញសភាពការណ៍នៅអឺរ៉ុប ឱ្យកាន់តែតានតឹងមួយកម្រិតទៀត។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Nikolay Patrushev ដែលជាជំនួយការប្រមុខរដ្ឋាភិបាលទីក្រុងមូស្គូ វ្ល៉ាឌីមៀរ ពូទីន បានគំរាមទៅប៉ូឡូញថា ប្រទេសនេះ អាចនឹងរលាយបាត់បង់រូបរាងជារដ្ឋមួយតែម្តង ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ប្រសិនបើហ៊ានលូកដៃ ចូលក្នុងសង្គ្រាមប្រឆាំងរុស្ស៊ីមែន។
– តាមសម្តីលោក Patrushev ដែលនិយាយក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងត្រូវបានដកស្រង់ដោយទូរទស្សន៍ RT កាលពីថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦៖ បើទីក្រុងវ៉ាសូវី ហ៊ានធ្វើបែបនោះមែន ទីក្រុងមូស្គូ នឹងប្រើប្រាស់គ្រប់អាវុធយុទ្ធភណ្ឌ ដែលកងកម្លាំងរបស់ខ្លួនមាន និងប្រើធនធានទាំងអស់ ហើយរដ្ឋប៉ូឡូញ នឹងត្រូវរលាយសូន្យ ក្នុងចន្លោះពេលត្រឹមពីរ ទៅបីថ្ងៃប៉ុណ្ណោះ។ បូឡូញភ្លេចមេរៀនប្រវត្តិសាស្ត្រ ហើយមិនព្រមរកសន្តិភាពជូនជាតិ តែបែរជានាំឱ្យប្រទេសខ្លួនឯង ទៅរកគ្រោះថ្នាក់ទៅវិញ។
– ការគំរាមនេះ គឺឆ្លើយតបទៅរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorksi ដែលបោះសម្តីថា បើលោក ពូទីន ពិតជាប៉ុនប៉ងវាយប្រហារណាតូមែន សម្ព័ន្ធភាពមួយនេះនឹងសងសឹកវិញ មិនប្រណីដៃឡើយ ហើយនឹងផ្តួលរុស្ស៊ី បានត្រឹមមួយអម្ពុះប៉ុណ្ណោះ ទាំងមិនចាំបាច់មានការគាំទ្រពីអាមេរិក។
– លោក Sikorksi ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំយុទ្ធសាស្រ្តអឺរ៉ុប Yalta ដែលរៀបចំឡើង នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីចុងសប្តាហ៍។ ក្នុងអំឡុងពេលនោះ អ្នកការទូតប៉ូឡូញកំពូលរូបនេះ អះអាងថា ជ័យជម្នះលើកងកម្លាំងរបស់លោក ពូទីន នឹងកើតឡើងមួយរំពេច ដោយសារតែឧត្តមភាពដ៏លើសលប់ នៃកងទ័ពអាកាសរបស់សម្ព័ន្ធមិត្ត ទោះគ្មានការគាំទ្រពីអាមេរិកក៏ដោយ។
– ទន្ទឹមនោះ លោកបានអួតអាងអំពីយន្តហោះចម្បាំង F-35 និងគ្រាប់មីស៊ីល JASSM ព្រមទាំងសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយ ចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដើម្បីកំញើញលោក ពូទីន។
– អ្វីដែលកាន់តែធ្វើឱ្យទីក្រុងមូស្គូ ក្តៅស្លឹកត្រចៀក! លោកថែមទាំងគំរាមទៀតផងថា ប៉ូឡូញ អាចកម្ទេចហេដ្ឋារចនាសម្ព័ន្ធចម្រាញ់ប្រេង របស់រុស្ស៊ីពាក់កណ្តាល ត្រឹមប៉ុន្មានសប្តាហ៍។ លោកប្រៀបធៀបថា បើអ៊ុយក្រែន អាចធ្វើរឿងនោះបានក្នុងរយៈពេល ៦ខែ ប៉ូឡូញអាចធ្វើបាន ត្រឹម ៦សប្តាហ៍ប៉ុណ្ណោះ៕
