មេស៊ីម៉ាក់៖ ស្ត្រីខ្មែរ ៥៨ នាក់ ធ្វើតេស្ត​បាន​រង​ផល​ប៉ះពាល់​ពី​សារធាតុគីមី ក្នុងប្រវត្តិសង្គ្រាមនៅកម្ពុជា

ភ្នំពេញះ – អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាពកំចាត់មីន​កម្ពុជា (ស៊ីម៉ាក់) លោក ហេង រតនា បាន​រំលឹកពី​ករណី​ស្ត្រី​ខ្មែរ​​ចំនួន ៥៨ នាក់ ដែលបានធ្វើតេស្ត​រកផល​ប៉ះពាល់ពី​សារធាតុគីមី​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​នៅ​កម្ពុជា​បង្ហាញថា ផលប៉ះពាល់​ពីសំណល់​សារធាតុពុល​អាចបន្តកើត​មាន ទោះបី​សង្គ្រាម​បាន​កន្លង​ផុត​ទៅ​ជាង ៥០ ឆ្នាំក៏ដោយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន​នៅសារមន្ទីរតេជោសន្តិភាព​ក្នុង​ខេត្ត​សៀមរាប លោក ហេង រតនា បាន​បញ្ជាក់​ថា សំណល់​សារធាតុពុលពី​សម័យសង្គ្រាម​នៅតែជា​បញ្ហាដែល​គួរឱ្យព្រួយបារម្ភ ដោយ​អាច​បន្ត​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជំនាន់ក្រោយ។

– លោក​​លើកករណីជាក់ស្តែង​​​ដូច្នេះ​ថា «ស្ត្រីខ្មែរ​ចំនួន ៥៨ នាក់ ដែលជាម្តាយមានកូនដំបូង ត្រូវបានយក​សំណាក​ទឹក​ដោះ​ទៅធ្វើការ​វិភាគលម្អិតនៅ​ប្រទេសកាណាដា ដើម្បីពិនិត្យរក​សារធាតុពុល​ដែលបន្សល់​ពី​ការប្រើប្រាស់​សារធាតុគីមី​ក្នុងសម័យសង្គ្រាម។ លទ្ធផលបង្ហាញថា ទឹកដោះរបស់​ស្ត្រី​​ទាំង​នោះ​មាន​កម្រិត​សារធាតុពុល​ខ្ពស់​ជាង​កម្រិត ដែល​រកឃើញជាទូទៅ​ប្រមាណ ២ ទៅ ៣ដង»។

– លោក ហេង រតនា ចាត់​ទុក​លទ្ធផល​រក​ឃើញ​នេះ ជា​សញ្ញាបង្ហាញ​ពីផលប៉ះ​ពាល់​រយៈពេល​វែង​នៃ​សំណល់​សារធាតុគីមី​ពី​សង្គ្រាម។

– ពាក់ព័ន្ធនឹង​ការ​ប្រើប្រាស់​សារធាតុគីមី ដែល​យោធា​ថៃ​ប្រើប្រាស់​ក្នុង​ជម្លោះ​ឈ្លាន​ពាន​កាន់កាប់​ទឹកដី​ប្រទេស​កម្ពុជាកាលពីឆ្នាំ ២០២៥ លោក ហេង រតនា បាន​បញ្ជាក់ថា កម្ពុជា​​បានរៀបចំដាក់ពាក្យបណ្តឹង​ទៅ​កាន់​អង្គការ​ហាម​ឃាត់​អាវុធគីមី (OPCW) ដើម្បី​ស្នើឱ្យមានការពិនិត្យ និងស៊ើបអង្កេត​លើការ​ប្រើប្រាស់​សារធាតុ​គីមី និង​អាវុធ​ដែល​អាចបង្កគ្រោះថ្នាក់​ដល់ប្រជាជនស៊ីវិល។

– លោក​អះអាងថា ការប្រើប្រាស់អាវុធ និង​សារធាតុគីមី​នៅតំបន់ស៊ីវិល គឺជា​បញ្ហា​គួរ​ត្រូវ​បាន​ស៊ើប​អង្កេត និង​ពិនិត្យ​តាម​ច្បាប់​អន្តរជាតិ ជាពិសេស​ក្នុង​ក្រប​ខណ្ឌ​អនុសញ្ញា​អាវុធគីមី​ឆ្នាំ​ ១៩៩៣ ដែល​កម្ពុជា និង​ថៃសុទ្ធតែ​ជារដ្ឋសមាជិក។

– ក្នុង​សង្រ្គាម​ឈ្លាន​ពាន​ដែល​ថៃ​បាន​ប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​ច្បាប់​អន្តរជាតិ​ លោក​លើកឡើង​ដោយ​យោង​តាមតួលេខ​ពី​ក្រសួងសុខាភិបាលគឹ​​មាន​ប្រជាពលរដ្ឋ និង​កង​កម្លាំង​កម្ពុជា​ចំនួន ៣៩៩ នាក់ បានរងរបួស​ដោយសារ​ការប្រើប្រាស់អាវុធគីមី​បង្ក​ឡើង​ដោយ​ភាគីថៃ ដោយ​ក្នុង​នោះ​មាន​ទាំង​អ្នក​រង​របួស​ធ្ងន់ របួសស្រាល និង​អ្នក​ស្លាប់​មួយ​ចំនួន​ផង​ដែរ៕

You might like