អន្តរជាតិះ – ប្រជាជនកូរ៉េខាងត្បូងរាប់សិបនាក់ បានចេញតវ៉ាឲ្យរដ្ឋាភិបាលរបស់ខ្លួន កុំបញ្ជូនកងទ័ពទៅកាន់តំបន់យុទ្ធសាស្ត្រច្រកសមុទ្រ Hormuz ដោយបានរិះគន់យ៉ាងខ្លាំង ចំពោះអ្វីដែលពួកគេហៅថា ជា «សង្គ្រាមខុសច្បាប់» របស់ទីក្រុងវ៉ាស៊ីនតោន។
– យោងតាមការប៉ាន់ស្មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ក្រុមបាតុករដែលប្រមូលផ្តុំគ្នានៅទល់មុខស្ថានទូតអាមេរិកដ៏ធំក្នុងទីក្រុងសេអ៊ូល មានគ្នាចំនួនប្រហែល ៦០ នាក់ បានស្រែកគ្រវីស្លាកសញ្ញាដែលមានខ្លឹមសារព្រមៗគ្នាថា «យើងមិនអាចបញ្ជូនយុវជនរបស់យើង ទៅកាន់សមុទ្រមរណៈបានឡើយ!។ «កុំចូលរួមក្នុងសង្គ្រាមឈ្លានពាន» ខណៈដែលមេដឹកនាំរបស់ពួកគេកំពុងពិចារណាលើការផ្តល់ការរួមចំណែក ដល់សន្តិសុខផ្លូវទឹកមួយនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការតវ៉ានេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីអាជ្ញាធរការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ពួកគេបានបញ្ជូនបេសកកម្មស្វែងរកការពិតមួយ ដើម្បីវាយតម្លៃស្ថានភាពនៅច្រកសមុទ្រ Hormuz ប៉ុន្តែបានសង្កត់ធ្ងន់ថា មិនទាន់មានការសម្រេចចិត្តណាមួយស្តីពីការបញ្ជូនទ័ពនៅឡើយទេ។
– ដោយឡែក លោក Jung Kyung-jik មកពីក្រុមសង្គមស៊ីវិល People’s Solidarity for Participatory Democracy បានប្រាប់ AFP ថា លោកយល់ស្របនឹងការលើកឡើងរបស់ទីក្រុងតេហេរ៉ង់។ លោកបានលើកឡើងថា «ដូចដែលអ៊ីរ៉ង់បាននិយាយ ការបញ្ជូនកងទ័ពរបស់យើងទៅកាន់តំបន់នោះ នឹងស្មើនឹងការចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមខុសច្បាប់។ ជាក់ស្ដែង មានការរំលោភច្បាប់អន្តរជាតិជាច្រើនដែលកើតចេញពីការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ រួមទាំងការទម្លាក់គ្រាប់បែកលើសាលាបឋមសិក្សា និងហេដ្ឋារចនាសម្ព័ន្ធថាមពល»។
– ទន្ទឹមនោះដែរ លោកស្រី Choi Young-ok សមាជិកនៃក្រុម សាមគ្គីភាពសន្តិភាពកូរ៉េ ដើម្បីអធិបតេយ្យភាព និងការបង្រួបបង្រួមជាតិ បានព្រមានដែរថា ការបញ្ជូនទ័ពនឹងនាំទៅរកការបាត់បង់ជីវិតដោយចៀសមិនរួច។ លោកស្រីនិយាយថា ការបញ្ជូនកងទ័ពរបស់យើងទៅកាន់សង្គ្រាមខុសច្បាប់ដែលបង្កឡើងដោយអាមេរិក គឺជារឿងដែលមិនអាចទទួលយកបានទេ។ គ្មានហេតុផលណាដែលយើងត្រូវបញ្ជូនទ័ពឡើយ ក្នុងពេលដែលមិនទាន់មានប្រទេសណាផ្សេងធ្វើបែបនោះ ឬនិយាយថានឹងធ្វើនោះ។
– កាលពីថ្ងៃសុក្រ កូរ៉េខាងត្បូងបាននិយាយថា ខ្លួនកំពុងពិចារណាលើការរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែងសន្តិសុខរបស់អាមេរិក នៅតាមបណ្តោយច្រកសមុទ្រនោះ ក្រោមលក្ខខណ្ឌដែលការត្រៀមលក្ខណៈយោធាផ្ទាល់ខ្លួនរបស់ខ្លួនមិនត្រូវបានប៉ះពាល់។ ទាក់ទិននឹងបញ្ហានេះ អ៊ីរ៉ង់បានព្រមានថា រាល់ការបញ្ជូនទ័ពរបស់កូរ៉េខាងត្បូងនឹងត្រូវ ចាត់ទុកថាជាការគាំទ្រដោយផ្ទាល់ដល់ភាគីដែលទទួលខុសត្រូវចំពោះការឈ្លានពាននោះ ហើយនឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរ។
– យ៉ាងណា ប្រសិនបើទីក្រុងសេអ៊ូលសម្រេចចិត្តបញ្ជូនកងកម្លាំងប្រដាប់អាវុធទៅកាន់ច្រកសមុទ្រនោះ វានឹងត្រូវទាមទារឲ្យមានការអនុម័តពីសភា តាមរយៈការបោះឆ្នោតគាំទ្រភាគច្រើននៅក្នុងរដ្ឋសភាជាតិ៕

