មិនមានព្យុះទៀតទេ តែកម្ពុជានៅតែរងឥទ្ធិពល​ពី​សម្ពាធទាប និងអាចមានភ្លៀងធ្លាក់ចន្លោះពី ៥០ ទៅ៧០%

ភ្នំពេញះ – ត្បិតពេលនេះព្រះរាជាណាចក្រកម្ពុជា មិនមានជួបព្យុះដូចប៉ុន្មានថ្ងៃមុនក៏ពិតមែន តែកម្ពុជា នៅតែរងឥទ្ធិពលពីសម្ពាធទាប ដែលនឹងធ្វើឲ្យនៅតាមតំបន់ និងបណ្ដាលខេត្តមួយចំនួនអាចមានភ្លៀងធ្លាក់ចន្លោះពី៥០ ទៅ៧០% ខណៈដែលសីតុណ្ហភាពមានចន្លោះពី២៤ ទៅ៣៦°C។

– ករណីដែលបណ្ដាលឲ្យកម្ពុជាអាចមានភ្លៀងធ្លាក់ភាគច្រើននេះ ក៏ដោយសារសម្ពាធទាបដែលកើតមាននៅលើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការប្រកាសរបស់ក្រសួងធនធានទឹក ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នឹងធ្វើឱ្យធាតុអាកាសនៅតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងទិសពាយ័ព្យ មានល្បឿនមធ្យម ៣ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០%។

– តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៥ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប់ដណ្តប់លើផ្ទៃដី ៧០%។

– តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី ៥០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧០ម៉ែត្រ៕

You might like