បាត់ដំបងះ – «វាស្ទើរតែបើកបរទាំងលំបាកណាស់ទៅហើយ នៅពេលដែលរថយន្តបត់ចូលទៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ហើយក៏ខ្លាចតែមានករណីគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង រយៈពេលដែលខ្ញុំមិនបាននៅប៉ុន្មានថ្ងៃ»។ នេះជាសម្ដីរបស់លោក ហាន ឧត្តម ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បញ្ជាក់មកកាន់អង្គភាពសារព័ត៌មាន «កម្ពុជាថ្មី» កាលពីល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ម្សិលមិញនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សូមជម្រាបថា ប៉ុន្មានឆ្នាំកន្លងមកនេះ មានការស្ថាបនាទាំងច្រាំងស្ទឹង ក៏ដូចជាសួនច្បារនៅចំពីមុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ត្រូវបានក្រុមជំនាញរៀបចំឲ្យមានសោភ័ណភាពស្រស់បំព្រង ដោយមានទាំងទីតាំងក្រាលការូឡាសម្រាប់ឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់នោះដើរហាត់ប្រាណ ព្រមទាំងបានរៀបចំជាសួនច្បារដាំកូនឈើ យ៉ាងស្រស់ស្អាត ដើម្បីប្រែក្លាយទីតាំងនេះឲ្យទៅជាកន្លែងអង្គុយស្រូបយកខ្យល់អាកាសពេលល្ងាចនាដងស្ទឹងសង្កែ និងជាកន្លែងលំហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋ បន្ទាប់ពីមានការរៀបចំសំណង់អនាធិបតេយ្យ ឱ្យចាកចេញពីទីនេះផុតអស់ទៅ។
– ប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញថា នៅលើផ្លូវថ្នល់ខាងមុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ស្រាប់តែមានរទេះរុញ សម្រាប់លក់ចំណីអាហារពាសពេញផ្លូវ បង្កើតទៅជាភាពអនាធិបតេយ្យ មិនត្រឹមតែប៉ុណ្ណោះអ្នកលក់បានដាក់តុ កៅអី នៅតាមផ្លូវដើរ និងលើសួនសម្រាប់ឲ្យអ្នកញ៉ាំអង្គុយពាសពេញថែមទៀតផង ដែលបញ្ហានេះបានធ្វើឲ្យរាំងស្ទះដល់ការដើរហាត់ប្រាណរបស់ប្រជាពលរដ្ឋ រៀងរាល់ពេលព្រឹក និងពេលល្ងាច។
– ថ្លែង«កម្ពុជាថ្មី» លោក ហាន ឧត្តម ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានលើកឡើងថា ក្រោយពីត្រឡប់មកពីបំពេញបេសកកម្មប៉ុន្មានថ្ងៃសោះ ស្រាប់តែរទេះរុញ និងតូបលក់ចំណីអាហារ បានមកតំរៀបគ្នាពេញពីមុខមន្ទីរពេទ្យតែម្ដង ថែមទាំងដាក់កៅអីនៅលើសួន ពាសវាលពាសកាល ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងសោភ័ណភាព។
– លោកប្រធានមន្ទីរពេទ្យបានបន្ថែមថា កន្លងមក តូប និងរទេះលក់ចំណីអាហារទាំងនេះ គឺលោកបានរៀបចំឲ្យដាក់លក់នៅជាប់របងប៉ែកខាងជើងនៃមន្ទីរពេទ្យ ប៉ុន្តែមិនដឹងយ៉ាងម៉េចពេលដែលលោកមិននៅ ក៏ស្រាប់តែពួកគេនាំគ្នាមកលក់ពេញពីមុខមន្ទីរពេទ្យទៅវិញ។ រាល់បញ្ហាខាងលើនេះ លោកនឹងរាយការណ៍ ដើម្បីសុំឱ្យខាងសាលាក្រុងជួយអន្តរាគមន៍ បើមិនដូច្នោះទេ ភាពរញ៉េរញ៉ៃ និងភាពអនាធិបតេយ្យនឹងកើតមានឡើងជាថ្មីម្ដងទៀតនៅខាងមុខមន្ទីរពេទ្យនេះ៕[ប្រភពះកម្ពុជាថ្មី]

