ផ្លែស្រកានាគលក់ពេញផ្សារ តែតម្លៃនៅតែបានថ្លៃគួរសម

បាត់ដំបងះ – តម្លៃផ្លែស្រកានាគ ឬផ្លែខាន់ឡុង នៅតែលក់បានថ្លៃគួរសមនៅលើទីផ្សារ ខណៈដែលបច្ចុប្បន្ន ផ្លែស្រកានាគត្រូវបានគេដឹកយកមកលក់ពេញទីផ្សារក៏ដោយ ក៏នៅតែមានអ្នកនិយមចូលចិត្តទទួលទានផ្លែប្រភេទនេះ ដោយវាមានពីរប្រភេទគឺប្រភេទសាច់ពណ៌ស និងប្រភេទសាច់ពណ៌ស្វាយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មួយរយៈនេះគេសង្កេតឃើញថា ទាំងនៅលើទីផ្សារធំៗ ទាំងនៅតូបបន្លែតូចៗ និងទាំងនៅលើរថយន្តតាមដងផ្លូវ មានលក់ផ្លែខាន់ឡុង ឬផ្លែស្រកានាគ ជាហូរហែ ដោយសារតែខែនេះជារដូវដែលត្រូវប្រមូលផល មកពីតាមបណ្ដាស្រុកនានា ដឹកមកលក់ក្នុងក្រុងបាត់ដំបង ពិសេសនៅក្នុងតំបន់ផ្សារបន្លែភូពុយតែម្ដង។

– លោក ច័ន្ទ កក្កដា មានទីលំនៅក្នុងស្រុកថ្មគោល ដែលកំពុងបើករថយន្តដឹកផ្លែស្រកានាគពេញទ្រុងរថយន្ត និងមានស្ត្រីជាភរិយាអង្គុយលក់នៅខាងក្រោយផងនោះ បានរៀបរាប់ថា លោកបានប្រកបមុខរបរលក់ផ្លែឈើជាច្រើនឆ្នាំមកហើយ គឺដល់រដូវផ្លែឈើអ្វី លោកក៏ត្រូវដឹកផ្លែឈើនោះលក់តាមភូមិនានាផងដែរ ដែលនេះជាមុខរបរប្រចាំថ្ងៃរបស់លោកទៅហើយ។ ហើយនៅពេលនេះជារដូវផ្លែស្រកានាគ ដូច្នេះលោកក៏ត្រូវលើកផ្លែឈើពីម៉ូយធំៗដឹកលក់តាមភូមិ បើទោះបីបានកម្រៃទាបក៏ដោយ ក៏វាជាមុខរបរដើម្បីចិញ្ចឹមជីវិតទៅហើយ ។

– លោកបានបន្ថែមថា រដូវផ្លែស្រកានាគនេះ លោកបានលើកពីគេម្ដងជិតមួយតោន ដោយដាក់ពេញទ្រុងរថយន្ត nissan របស់លោក ហើយដឹកដើរលក់គ្រប់ច្រកល្ហក តែទោះបីជាផ្លែស្រកានាគសំបូរបែបនេះក៏ដោយ ក៏លោកអាចលក់បានក្នុងតម្លៃ ២.០០០ រៀលដែរក្នុងមួយគីឡូក្រាម បើគិតទៅតម្លៃប៉ុណ្ណឹងក៏នៅតែបានថ្លៃគ្រាន់បើ ហើយបច្ចុប្បន្នផ្លែស្រកានាគ ភាគច្រើន កសិករនិយមចូលចិត្តដាំពូជសាច់ពណ៌ស្វាយណាស់ ដោយសារវាមានពណ៌ស្រស់ស្អាត តែរសជាតិមិនខុសគ្នាជាមួយសាច់ពណ៌សឡើយ ។

– សព្វថ្ងៃលោកដឹកផ្លែឈើលក់មិនប្រកាន់ទៅលើផ្លែអ្វីនោះទេ ដល់ខែទន្លាប់ លោកក៏ដឹកផ្លែទន្លាប់លក់ ដល់ខែទុរេន លោកក៏ដឹកផ្លែទុរេនលក់ ដោយលក់ផ្លែឈើតាមរដូវតែម្ដង ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះគឺលោកដឹកតែផ្លែឈើក្នុងស្រុកលក់ប៉ុណ្ណោះដោយគ្មានការនាំចូល ផ្លែឈើពីប្រទេសជិតខាងឡើយ៕

You might like