កំពតះ- លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានជំរុញឲ្យក្រុមយុវជនខេត្តកំពតត្រូវត្រៀមចិត្តខ្លួនឯងឲ្យរួចរាល់ ក្នុងការចូលរួមបំពេញកាតព្វកិច្ចយោធា វាជាឱកាសដើម្បីបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យយោធា និងការពារបូរណភាពទឹកដី ប្រជាជន និងជាតិមាតុភូមិពីការឈ្លានពានរបស់សត្រូវ ជាពិសេសដើម្បីបានអភិវឌ្ឍន៍ខ្លួនឲ្យមានក្រមសីលធម៌ វិន័យរស់នៅ តស៊ូ អត់ធ្មត់ និងមនសិការជាតិឱ្យបានខ្ពស់ និងស័ក្តិសមជាអ្នកបន្តវេន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ជាមួយគ្នានោះដែរក្រុមយុវជន ស.ស.យ.ក ស្រុកទឹកឈូ ក៏បានបញ្ជាក់ឱ្យដឹងដែថា ពួកគេបានដឹងច្បាស់ អំពីច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលរាជរដ្ឋាភិបាលទើបដាក់ឲ្យអនុវត្ត។ ពួកគេពេញចិត្តចំពោះច្បាប់នេះ និងបានត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមបំពេញកាតព្វកិច្ចយោធាទៅតាមការរៀបចំរបស់រដ្ឋ ព្រោះពួកគេយល់ថា វាជាឱកាសសម្រាប់យុវជនបន្តវេន ដើម្បីបានចូលរួមចំណែកអភិវឌ្ឍន៍វិស័យយោធា និងការពារបូរណភាពទឹកដី ពិសេសមានឱកាសអភវិឌ្ឍន៍ខ្លួន ឲ្យមានសីលធម៌ វិន័យរស់នៅល្អ តស៊ូ អត់ធ្មត់ និងមានមនសិការ ស្នេហាជាតិខ្លាំងជាងមុន។
– យោងតាមមាត្រា១៦ នៃច្បាប់ស្តីពីកាតព្វកិច្ចយោធា បានបញ្ជាក់ថា យោធិនកំពុងបំពេញកាតព្វកិច្ចយោធា ត្រូវទទួលបាន ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤០០ ០០០ (បួនសែន) រៀល។ គោលរបបផ្សេងៗត្រូវទទួលបានដូចយោធិនអាជីពរួមមាន ប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូន របបអង្ករប្រចាំថ្ងៃ និងរបបឯកសណ្ឋានប្រយុទ្ធ និងបរិក្ខារចាំបាច់មួយចំនួន ខណៈដែលមាត្រា១៩ ក៏បានបញ្ជាក់ដែរថា យោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធា ត្រូវទទួលបានការលើកទឹកចិត្តដូចខាងក្រោម៖ មានអាទិភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅក្នុងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ មានអាទិភាពក្នុងការជ្រើសរើសចូលបម្រើជាយោធិនអាជីពក្នុងកងយោធពលខេមរភូមិន្ទ៕


