អន្តរជាតិះ- កាសែត Financial Times រាយការណ៍ថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបដិសេធសំណើរបស់លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ដែលស្នើសុំលើមីស៊ីលស្ទាក់ចាប់ Patriot រាប់រយគ្រាប់បន្ថែមទៀត ខណៈស្ថានការណ៍នៅអ៊ុយក្រែន កំពុងក្ដៅគគុក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមកាសែត លោក ត្រាំ បានបដិសេធសំណើនេះ អំឡុងពេលកិច្ចប្រជុំនៅការិយាល័យ Oval កាលពីសប្តាហ៍មុន ដោយលើកឡើងពីតម្រូវការរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់មីស៊ីលនេះ ក្នុងជម្លោះជាមួយអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ លោក បានបដិសេធជាសាធារណៈម្ដងហើយម្ដងទៀតនូវរបាយការណ៍អំពីការខ្វះខាតគ្រាប់រំសេវរបស់កងកម្លាំងអាមេរិក។
– អ៊ុយក្រែន កំពុងមានតម្រូវការយ៉ាងខ្លាំងសម្រាប់មីស៊ីលការពារដែនអាកាសនេះ ខណៈដែលកងកម្លាំងរុស្ស៊ី បានបង្កើនការវាយប្រហារលើមូលដ្ឋានយោធា-ឧស្សាហកម្ម និងភស្តុភារ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មកាន់តែខ្លាំងឡើងលើទឹកដីទីក្រុងមូស្គូ។
– មេដឹកនាំអ៊ុយក្រែន បានត្អូញត្អែរម្តងហើយម្តងទៀតថាខ្លួនខ្វះប្រព័ន្ធមីស៊ីលស្ទាក់ចាប់ Patriot ខណៈថ្មីៗនេះ លោក ជំរុញឱ្យឯកអគ្គរដ្ឋទូតអ៊ុយក្រែន តាមដានឃ្លាំងស្តុកមីស៊ីលនៅក្នុងប្រទេសសម្ព័ន្ធមិត្ត និងដាក់សម្ពាធលើរដ្ឋាភិបាលពួកគេឱ្យផ្ទេរអាវុធទៅទីក្រុងគៀវ។
– ទោះជាយ៉ាងណា កាលពីខែមុន លោក ត្រាំ បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូល NATO នៅប្រទេសទួរគីថា ទីក្រុងវ៉ាស៊ីនតោន អាចអនុញ្ញាតឱ្យអ៊ុយក្រែនផលិតមីស៊ីល Patriot ក្នុងស្រុក ឬកន្លែងផ្សេងទៀតនៅអឺរ៉ុប។ ទោះជាយ៉ាងណា ដំណើរការយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់នៅឡើយ។
– គួរបញ្ជាក់ថា ទីក្រុងមូស្គូ អះអាងថា ការផ្គត់ផ្គង់អាវុធរបស់លោកខាងលិចណាមួយ គឺគ្រាន់តែធ្វើឱ្យជម្លោះអូសបន្លាយពេលដោយគ្មានទីបញ្ចប់ប៉ុណ្ណោះ។ មន្ត្រីរុស្ស៊ី ក៏បានព្រមានផងដែរថា ការផ្គត់ផ្គង់អាវុធ និងបច្ចេកវិទ្យាយោធាកាន់តែទំនើបទៅឱ្យទីក្រុងគៀវ គឺនឹងទាញរដ្ឋនោះចូលក្នុងជម្លោះ៕
