អន្តរជាតិះ – ការវាយប្រហារសងសឹកគ្នាដ៏កក្រើករវាងអាមេរិក និងអ៊ីរ៉ង់ដែលឈានចូលដល់យប់ទី ១៤ ពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តបញ្ឈប់បណ្ដោះអាសន្ន កាលពីថ្ងៃអាទិត្យ ដោយលោក អះអាងថា ដើម្បីផ្តល់ពេលវេលាបន្ថែមទៀតដល់ដំណោះស្រាយការទូត។ នេះបើយោងតាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ថ្លែងទៅកាន់ Fox News កាលពីថ្ងៃអាទិត្យ ឯកអគ្គរដ្ឋទូតលោក Mike Waltz បាននិយាយថា លោកប្រធានាធិបតី កំពុងផ្តល់លទ្ធភាពខ្លះដល់ការចរចា លោក មិនបន្តការប្រយុទ្ធនោះទេ។
– ទន្ទឹមនោះ ជាការឆ្លើយតប អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ម្នាក់ បានលើកឡើងថា ទីក្រុងតេអេរ៉ង់ ក៏បញ្ឈប់ការវាយប្រហារ «សងសឹក» នៅក្នុងតំបន់ដូចគ្នាផងដែរ។
– ការផ្អាកនេះ កើតឡើងបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងការតដៃពីសំណាក់អ៊ីរ៉ង់អូសបន្លាយអស់រយៈពេលជិត ២ សប្តាហ៍ ដែលធ្វើឲ្យបទឈប់បាញ់ក្នុងខែមិថុនា រលត់។
– ជាមួយគ្នានោះ លោក Waltz ក៏បានបដិសេធរបាយការណ៍ដែលថាមន្ត្រីរដ្ឋបាលអាមេរិក ព្រមានពង្រីកអរិភាព ទាំងដែលស្តុកគ្រាប់រំសេវការពារដែនអាកាសថយចុះយ៉ាងគ្រោះថ្នាក់។
– ទោះជាយ៉ាងណា លោក បានបន្ថែមថា យោធាអាមេរិក នៅតែមានអ្វីៗគ្រប់យ៉ាងដែលខ្លួនត្រូវការដើម្បីធ្វើយុទ្ធនាការនេះឲ្យមានប្រសិទ្ធភាពតាមតម្រូវការ។
– គិតត្រឹមល្ងាចថ្ងៃអាទិត្យ លោក ត្រាំ នៅមិនទាន់បានបញ្ជាក់ជាសាធារណៈអំពីការវិវឌ្ឍចុងក្រោយបំផុតនៅឡើយទេ ប៉ុន្តែលោក បានបង្ហោះរូបភាពនៅលើគណនី Truth Social របស់លោក ដែលបង្ហាញអំពីយន្តហោះយោធាអាមេរិកទម្លាក់គ្រាប់បែកលើនាវាអ៊ីរ៉ង់ និងកោះ Kharg។
– គួរបញ្ជាក់ថា អ៊ីរ៉ង់ និងអូម៉ង់ បានធ្វើកិច្ចពិភាក្សាបច្ចេកទេសជាច្រើនជុំនៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីការគ្រប់គ្រងច្រកសមុទ្រ Hormuz ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei៕

