អ៊ុយក្រែន ប្រើដ្រូនវាយប្រហារទ្រង់ទ្រាយធំលើរដ្ឋធានីមូស្គូ

អន្តរជាតិះ – លោក Sergey Sobyanin អភិបាលក្រុង បាននិយាយថា ទីក្រុងមូស្គូកំពុងស្ថិតក្រោមការវាយប្រហារទ្រង់ទ្រាយធំដោយយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន ប៉ុន្តែប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីក៏បានបំផ្លាញយន្តទាំងនោះអស់ ១៩៤ គ្រឿង ផងដែរ។

– យោងតាមលោក Sobyanin ការវាយប្រហារទាំងនោះភាគច្រើនត្រូវបានរារាំងដោយប្រព័ន្ធការពារដែនអាកាស ដែលបន្តវាយប្រហារយន្តហោះគ្មានមនុស្សបើកដែលចូលមកតំបន់ជុំវិញទីក្រុង កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

– អភិបាលក្រុងរូបនេះ បានបន្ថែមថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង បានហោះសំដៅទៅរោងចក្រចម្រាញ់ប្រេងមូស្គូនៅក្នុងស្រុក Kapotnya ភាគអាគ្នេយ៍នៃទីក្រុង។

– លោក Sobyanin បន្តថា កំទេចកំទីពីយន្តហោះគ្មានមនុស្សបើកដែលធ្លាក់បង្កការខូចខាតតិចតួចដល់អគារមួយនៅមជ្ឈមណ្ឌលផ្សារទំនើប Sadovod នៅភាគអាគ្នេយ៍នៃទីក្រុងមូស្គូ។ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនោះទេ។

– នៅតំបន់មូស្គូ យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានវាយប្រហារអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុង Zhukovsky នេះបើយោងតាមអភិបាលរដ្ឋលោក Andrey Vorobyev តែមិនមានអ្នករងរបួសទេ ហើយអ្នកស្រុកត្រូវបានជម្លៀសចេញពីអគារ។

– ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនជាង ៥៥០ គ្រឿង ត្រូវបានបាញ់ទម្លាក់នៅទូទាំងប្រទេស ចាប់តាំងពីល្ងាចថ្ងៃពុធ។ ការស្ទាក់ចាប់ ធ្វើឡើងនៅក្នុងតំបន់មូស្គូ, អាស្ត្រាខាន, បែលហ្គោរ៉ូដ, ប្រ៊ីយ៉ានស្ក៍, វ៉ុលហ្គោក្រាដ, វ៉ូរ៉ូណេហ្ស, វ្ល៉ាឌីមៀ, កាលូហ្គា, ឃើស, លីប៉េតស្ក៍, អូរ៉េល, ស្មូលិនស្ក៍, តាំបូវ, ត្វើរ, ទូឡា, រ៉ូស្តូវ និងរីយ៉ាហ្សាន ក៏ដូចជានៅតំបន់គ្រីមៀ និងលើសមុទ្រអាហ្សូវផងដែរ៕

 

You might like