កណ្តាល ៖ – កម្លាំងនគរបាលខេត្តកណ្តាលសហការជាមួយនគរបាលជំនាញស្រុកស្អាង ស្រាវជ្រាវបំបែកសំណុំរឿងចាប់ជំរិតក្មេងស្រីអាយុ៥ឆ្នាំ ជាថ្នូរនឹងទឹកប្រាក់ចំនួន១ម៉ឺនដុល្លាសហរដ្ឋអាមេរិក ។ ប្រត្តិបត្តការនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ដែលត្រូវជាពូសាច់ថ្លៃ ក្មេងស្រីរងគ្រោះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ករណីចាប់ក្មេងស្រីជំរិតនេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨និង៣០នាទីព្រឹក នៅចំណុចផ្ទះរបស់ជនសង្ស័យស្ថិតក្នុងភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
– ក្មេងស្រីរងគ្រោះឈ្មោះ រតនា ម៉េងស៊ីម អាយុ ០៥ឆ្នាំ មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានជនសង្ស័យចាប់ខ្លួន រុំស្កុតដៃ-ជើង លាក់ទុកក្រោមគ្រែប្រអប់រហូតស្លាប់បាត់បង់ជីវិត ។
– ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ គីម វណ្ណា ភេទប្រុស អាយុ ៣៥ឆ្នាំ (ត្រូវជាពូសាច់ថ្លៃរបស់ជនរងគ្រោះ) មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
– លទ្ធផលតេស្តទឹកនោម៖ អវិជ្ជមាន (-) (គ្មានសារធាតុញៀន)។
សមត្ថកិច្ចនគរបាលស្រុកស្អាងបានឲ្យដឹងថា កន្លងមកជនសង្ស័យតែងតែឆាតសុំខ្ចីលុយឈ្មោះ ជឿន ស៊ីនួន ដែលត្រូវជាម្ដាយក្មេងស្រីរងគ្រោះជាញឹកញាប់ ។ ក្រោយមកឈ្មោះជឿន ស៊ីនួន ចូលមើលឆាតហើយតែមិនឆ្លើយតបទេ ពេលនោះជនសង្ស័យ ក៏បានលុបឆាតចោលវិញ។ លុះនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឈ្មោះ ទេព រតនា អាយុ ៣០ឆ្នាំ និងម្ដាយឈ្មោះ ជឿន សុីនួន អាយុ ២៩ឆ្នាំបាននាំកូនមកលេងផ្ទះជីតា ។ រហូតដល់វេលាម៉ោង ០៨ និង២៥នាទី ជនរងគ្រោះឈ្មោះ រតនា ម៉េងសុីម និងបងស្រីឈ្មោះ រតនា ពេជ្ររ៉ា ភេទស្រីអាយុ ០៩ ឆ្នាំ បាននាំគ្នាទៅលេងដីឡូមួយកន្លែងរបស់ឈ្មោះ ថាច មករា ដែលស្ថិតនៅមុខជិតផ្ទះ ពេលនោះជនសង្ស័យបាន ដេីរមកនិយាយលួងលោមជនរងគ្រោះ ឲ្យទៅញាំអំពៅនៅក្នុងផ្ទះរបស់ខ្លួន។ ពេលទៅដល់ជនសង្ស័យបានចាប់បីជនរងគ្រោះឡេីងលេីផ្ទះ និងឲ្យតុក្កតាលេងរួចជនសង្ស័យ បានធ្វើសកម្មភាពយកស្កុតសថ្លាចាប់ចងដៃ ជើង រំមាត់ ជនរងគ្រោះលើកដាក់ចូលទៅក្រោមគ្រែប្រអប់ និងដាក់ពូកសង្កត់ពីរលេី។ ហេីយពេលនោះឈ្មោះ ធី ណារ៉ុង ប្រពន្ធរបស់ជនសង្សយ័បានជិះម៉ូតូមកពីផ្សារបានស្រែកសួរទៅជនសង្ស័យថានៅលេីផ្ទះកំពុងធ្វេីអីជនសង្ស័យឆ្លើយថាកំពង់ធ្វេីបង្អួចផ្ទះវាខូចដោយមិនបានចាប់អារម្មណ៍ឈ្មោះ ធី ណារ៉ុង ក៏បានធ្វេីម្ហូបនៅផ្ទះបាយនៅខាងក្រោមហេីយបានហៅជនសង្ស័យ ហូបបាយធម្មតា ។ ក្រោយមកជនសង្ស័យបានជិះម៉ូតូចេញទៅខាងក្រៅបាត់ទៅ។
នៅវេលាម៉ោង ១១ និង៣០នាទី ឈ្មោះ ជឿន សុីនួន ដែលត្រូវម្តាយរបស់ជនរងគ្រោះ បានដេីររកកូនដើម្បីមកហូបបាយតែរកមិនឃើញរួចឈ្មោះ ជឿន សុីនួនបានឆែកកាមេរ៉ាសុវត្តិភាពមេីលបានឃេីញកូនស្រីរបស់ខ្លួនដេីរទៅជាមួយជនសង្ស័យស្រាប់តែដល់ម៉ោង ១១ និង៣៦នាទី ក៏មានសារមួយបានឆាតមកក្នុងទូរស័ព្ទរបស់ឈ្មោះ ជឿន សុីនួន (ម្ដាយជនរងគ្រោះ) សរសេរថា (កូនហែងនៅក្នុងឡានអញ់ចង់បានកូនមកវិញឲ្យអញ់មួយម៉ឺនដុល្លារមុនមកអញទុកពេលឱ្យមួយម៉ោងបើលើសមួយម៉ោងចាំយកសពកូនហែងទៅដាក់លុយតាមវីងមក តាមវីងលេខទូរស័ព្ទ(0978309128) អញប្រាប់ឲ្យហើយតែដឹងឮដល់ប៉ូលីស និងអ្នកជិតខាងប្រយ័ត្នអត់បានជួបកូន )។
– បន្ទាប់ពីមើលឃើញសាររួចហើយឈ្មោះ ជឿន សុីនួន ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ដើម្បីឲ្យជួយស្រាវជ្រាវ រហូតកំណត់មុខសញ្ញាចាប់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ ។
– នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯងពិតប្រាកដមែន។ មូលហេតុដែលនាំឱ្យរូបគេដាច់ចិត្តធ្វើបែបនេះគឺដោយសារមានគំនុំក្នុងចិត្តដែលម្តាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន និងខឹងសម្បារនឹងម្តាយជនរងគ្រោះដែលមិនឱ្យខ្លួនខ្ចីប្រាក់។
សមត្ថកិច្ចដកហូតបានទូរសព្ទដៃចំនួន ០២គ្រឿង ម៉ាក Nokia ចុចពិល និងOPPO ពណ៌ខ្មៅ ដែលប្រើប្រាស់ក្នុងសកម្មភាព។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ចាត់ការទៅតាមច្បាប់។ ចំណែកឯសាកសពក្មេងស្រីរងគ្រោះក្រោយពីនិត្យកោសល្យវិច្ច័យរួច បានប្រគល់ទៅឲ្យឪពុកម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
