អន្តរជាតិះ- សហរដ្ឋអាមេរិក បានរឹបយកកប៉ាល់ដឹកទំនិញរបស់អ៊ីរ៉ង់ នៅក្នុងឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ ប្រកាសសងសឹកវិញ ធ្វើឲ្យស្ថានការណ៍ឡើងកម្តៅខ្លាំងសាជាថ្មី ទោះមានបទឈប់បាញ់ក៏ដោយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កប៉ាល់ដឹកទំនិញ TOUSKA (រូប៖ Reuters)
ការបញ្ជាក់អំពីការរឹបយកកប៉ាល់អ៊ីរ៉ង់នេះ ត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី១៩ខែមេសាឆ្នាំ២០២៦ ដោយលោកសរសេរថា៖ «ថ្ងៃនេះ កប៉ាល់ដឹកទំនិញដោតទង់ជាតិអ៊ីរ៉ង់មួយគ្រឿងឈ្មោះថា TOUSKA ដែលមានប្រវែងប្រហែល ២៧៤ម៉ែត្រ និងមានទម្ងន់សឹងតែស្មើនាវាផ្ទុកយន្តហោះទៅហើយនោះ បានព្យាយាមបើកឆ្លងកាត់ការបិទខ្ទប់ផ្លូវទឹករបស់កងទ័ពជើងទឹករបស់យើង ប៉ុន្តែលទ្ធផលមិនបានល្អសម្រាប់ពួកគេឡើយ។ នាវាពិឃាដបំពាក់មីស៊ីលនាំផ្លូវរបស់កងទ័ពជើងទឹកអាមេរិក USS SPRUANCE បានស្ទាក់ចាប់កប៉ាល់ TOUSKA នៅក្នុងឈូងសមុទ្រអូម៉ង់ ហើយធ្វើការព្រមានឲ្យពួកគេបញ្ឈប់ដំណើរការ»។

– ប្រមុខសេតវិមានបន្តថា៖ «នាវិកអ៊ីរ៉ង់មិនព្រមស្ដាប់ ដូច្នេះនាវាកងទ័ពជើងទឹករបស់យើងក៏បានបញ្ឈប់ពួកគេនៅនឹងកន្លែង តាមរយៈការបាញ់ទម្លុះបន្ទប់ម៉ាស៊ីន។ ពេលនេះ កងម៉ារីនអាមេរិកបានចូលគ្រប់គ្រងនាវានោះហើយ។ កប៉ាល់ TOUSKA គឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិក ដោយសារតែប្រវត្តិធ្លាប់ធ្វើសកម្មភាពខុសច្បាប់ពីមុនមក។ យើងកំពុងគ្រប់គ្រងកប៉ាល់នេះទាំងស្រុង ហើយកំពុងពិនិត្យមើលថា តើមានអ្វីខ្លះនៅលើលើនាវានោះ!»។
– ឆ្លើយតបទៅរឿងនេះ អ៊ីរ៉ង់ចាត់ទុកជាការបំពានបទឈប់បាញ់ហើយគំរាមសងសឹកទៅវិញ ដោយស្ថាប័នកងទ័ពកំពូល Khatam al-Anbiya ចេញសេចក្តីថ្លែងការណ៍ថា៖ «សហរដ្ឋអាមេរិកបាន រំលោភលើបទឈប់បាញ់ ដោយបើកការបាញ់ប្រហារលើកប៉ាល់ពាណិជ្ជកម្មមួយគ្រឿងរបស់អ៊ីរ៉ង់នៅក្នុងផ្ទៃទឹកនៃសមុទ្រអូម៉ង់ ធ្វើឲ្យប្រព័ន្ធនាវាចរណ៍របស់កប៉ាល់លែងដំណើរការ។ កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងឆ្លើយតបនិងសងសឹកក្នុងពេលឆាប់ៗ ចំពោះទង្វើចោរកម្មប្រដាប់អាវុធដោយកងទ័ពជើងទឹកអាមេរិក»។
– ការរឹបអូសរបស់អាមេរិកកើតឡើងក្រោយពេល បញ្ជាការដ្ឋានកណ្តាល CENTCOM បញ្ជាក់ពីការចល័តទ័ពជាង១០ ០០០នាក់, នាវាជើងទឹក ១២គ្រឿង និងយន្តហោះជាង១០០ គ្រឿង ដើម្បីអនុវត្តការបិទខ្ទប់ផ្លូវទឹកនៅតាមបណ្តោយឆ្នេរសមុទ្ររបស់ប្រទេសអ៊ីរ៉ង់។
– ប្រតិបត្តិការនេះគឺដឹកនាំដោយនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Abraham Lincoln (CVN 72) នៅក្នុងសមុទ្រអារ៉ាប់ ដោយមានការគាំទ្រពីនាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវ ដូចជា USS Delbert D. Black (DDG 119) ជាដើម។
– លោក Dan Caine ប្រធានអគ្គសេនាធិការចម្រុះអាមេរិក បានថ្លែងថា ការបិទខ្ទប់គឺត្រូវបានអនុវត្តចំពោះគ្រប់កប៉ាល់ដោយមិនគិតពីសញ្ជាតិឡើយ ប្រសិនបើពួកគេធ្វើដំណើរទៅកាន់ ឬចាកចេញពីកំពង់ផែអ៊ីរ៉ង់ ហើយបើពួកគេព្យាយាមដឹកប្រេងចេញពីអ៊ីរ៉ង់ នោះក្រុមប្រដេញនឹងធ្វើប្រតិបត្តិការភ្លាម៕

