អន្តរជាតិះ- អាជ្ញាធរអ៊ីរ៉ង់ បានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយតវ៉ាប្រឆាំងនឹងរដ្ឋឈូងសមុទ្រ ដែលត្រូវបានចោទប្រកាន់ថាអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ទឹកដីរបស់ពួកគេសម្រាប់ការវាយប្រហារលើសាធារណរដ្ឋអ៊ីស្លាម។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Tasnim បានឱ្យដឹងថា លោក Amir Saeid Iravani តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានផ្ញើលិខិត ២ ច្បាប់ដាច់ដោយឡែកពីគ្នាទៅកាន់ក្រុមប្រឹក្សាសន្តិសុខ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។
– នៅក្នុងលិខិតទាំងនោះ លោក បានសម្តែងការតវ៉ារបស់អ៊ីរ៉ង់ ប្រឆាំងនឹងសកម្មភាពរដ្ឋាភិបាលកាតា គុយវ៉ែត អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ដោយជឿជាក់ថាពួកគេកំពុងផ្តល់ទឹកដីឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល សម្រាប់ធ្វើការវាយប្រហារលើគោលដៅលើក្រុងតេហេរ៉ង់។
– ទន្ទឹមនោះ លោក Iravani ក៏បានសង្កត់ធ្ងន់នៅក្នុងលិខិតទាំងនោះថា ក្នុងន័យនេះ យើងរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ទាំងអស់ និងអនុវត្តសិទ្ធិការពារខ្លួនរបស់យើងយ៉ាងពេញលេញ។
– គួរបញ្ជាក់ថា នៅថ្ងៃទី ២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ផងដែរ ត្រូវបានវាយប្រហារ។ កងឆ្មាំបដិវត្តន៍អ៊ីស្លាម បានប្រកាសពីប្រតិបត្តិការសងសឹកទ្រង់ទ្រាយធំមួយ ដោយវាយប្រហារអ៊ីស្រាអែល។ ទីតាំងយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី អ៊ីរ៉ាក់ កាតា គុយវ៉ែត អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ក៏ត្រូវបានវាយប្រហារផងដែរ៕
