អន្តរជាតិះ- យោងតាមភ្នាក់ងារ kyodonews ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យទី៨ ខែកុម្ភៈ បានចេញសារអបអរសាទរនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ចំពោះ «ជ័យជម្នះភ្លូកទឹកភ្លូកដី» របស់គណបក្សប្រជាធិបតេយ្យសេរី (LDP) នៅក្នុងការបោះឆ្នោតទូទៅ ដោយលើកថា នេះគឺជាកិត្តិយសរបស់លោកដែលគាំទ្រកាលពីប៉ុន្មានថ្ងៃមុន។
– ប៉ុន្មានម៉ោងបន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរីនៃប្រទេសជប៉ុន ទទួលបានសំឡេងភាគច្រើនពីរភាគបីនៅក្នុងសភាតំណាងរាស្ត្រ ដោយឈ្នះចំនួនអាសនៈច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រក្រោយសង្គ្រាម លោកត្រាំបានសរសេរនៅលើបណ្តាញសង្គម Truth Social ថា «វាគឺជាការសម្រេចចិត្តយ៉ាងដិតដល់ និងឈ្លាសវៃបំផុតរបស់លោកស្រីដែលរៀបចំបោះឆ្នោតភ្លាមៗ។ ខ្ញុំសូមជូនពរឲ្យអ្នកទទួលបានជោគជ័យដ៏អស្ចារ្យក្នុងការអនុម័តរបៀបវារៈអភិរក្សនិយម សន្តិភាពតាមរយៈកម្លាំងរបស់អ្នក។ ប្រជាជនដ៏អស្ចារ្យនៃប្រទេសជប៉ុន ដែលបានបោះឆ្នោតដោយភាពរីករាយបែបនេះ នឹងតែងតែមានការគាំទ្រយ៉ាងខ្លាំងពីខ្ញុំ»។
– យ៉ាងណាមិញ ជាការឆ្លើយបទៅកាន់ប្រធានសេតវិមាន នាយករដ្ឋមន្ត្រី Takaichi បានសរសេរសារមួយលើបណ្ដាញសង្គម X ក្នុងថ្ងៃដដែលថា «ខ្ញុំចង់ទៅទស្សនាសេតវិមាននៅនិទាឃរដូវ ហើយបន្តធ្វើការជាមួយគ្នាដើម្បីពង្រឹងបន្ថែមទៀតនូវសម្ព័ន្ធភាពអាមេរិក-ជប៉ុន។ សក្តានុពលអភិវឌ្ឍន៍នៃសម្ព័ន្ធភាពជប៉ុន-អាមេរិកគឺ «គ្មានដែនកំណត់» ដោយសង្កត់ធ្ងន់ថា ភាពជាដៃគូរវាងប្រទេសទាំងពីរគឺបង្កើតឡើងដោយផ្អែកលើការជឿទុកចិត្តយ៉ាងជ្រាលជ្រៅ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងរឹងមាំ។
– ដោយឡែក លោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក ក៏បាននិយាយនៅក្នុងកម្មវិធីមួយរបស់ Fox News ថា លោកត្រាំមានទំនាក់ទំនងដ៏អស្ចារ្យ ជាមួយ Takaichi និងនៅពេលដែលជប៉ុនរឹងមាំ សហរដ្ឋអាមេរិកក៏រឹងមាំនៅអាស៊ីដែរ។ ជាពិសេស ភាពជោគជ័យរបស់គាត់ គឺជាដំណឹងល្អសម្រាប់អាមេរិក ហើយឥឡូវនេះ ទីក្រុងវ៉ាស៊ីនតោនអាចជួយលោកស្រីឲ្យទទួលបានជោគជ័យ។
– ដោយហៅជ័យជម្នះរបស់គណបក្ស LDP ថាជា «ជ័យជម្នះដ៏គួរឲ្យចាប់អារម្មណ៍» ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក George Glass បានលើកឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែរថា រដ្ឋបាលត្រាំទន្ទឹងរង់ចាំការកសាង ការពង្រឹងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងជប៉ុនឡើងវិញរបស់ប្រធានាធិបតី ដោយបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសដ៏ស្វាហាប់ទាំងពីរ។
– កន្លងមក លោកត្រាំបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះ Takaichi ដែលបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេក្នុងប្រទេសជប៉ុនកាលពីខែតុលា ប៉ុន្មានថ្ងៃមុនការបោះឆ្នោតនៅថ្ងៃអាទិត្យ លោកប្រកាសក្ដែងៗថា លោកនឹងស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ជូនចំពោះលោកស្រីមកកាន់សេតវិមាន នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៦ នៅក្នុងដំណើរទស្សនកិច្ច «រឹតចំណងរវាងអាមេរិក និងជប៉ុន»៕

