អន្តរជាតិះ- ស្របពេលតម្លៃមាសជាសកលប្រែប្រួលចុះឡើងៗ ប្រទេសថៃកំពុងកើតក្តីកង្វល់អំពីបញ្ហាសុវត្ថិភាព ដោយពេលនេះ បានព្រមានឲ្យម្ចាស់ហាងមាសទាំងឡាយត្រូវពង្រឹងសន្តិសុខនិងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយដាក់ហាងមាសចំនួន១០០កន្លែងក្នុងចំណោម១ ០០០កន្លែងចូលទៅក្នុងបញ្ជីទីតាំងដែលប្រឈមគ្រោះថ្នាក់នៃការប្លន់ ព្រោះតែភាពអសន្តិសុខ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កាសែត Bangkok Post បានដកស្រង់សម្តីអគ្គស្នងការរងនគរបាលជាតិថៃ Thatchai Pitaneelabut ដែលនិយាយក្នុងកិច្ចប្រជុំស្តីពីវិធានការសន្តិសុខសម្រាប់អាជីវកម្មលក់មាសនៅទីក្រុងបាងកក កាលពីថ្ងៃអង្គារទី៣ខែកុម្ភៈឆ្នាំ២០២៦ថា ម្ចាស់ហាងមាសស្ថិតក្នុង «តំបន់ក្រហម» ដែលជាកន្លែងមានអត្រាបទល្មើសខ្ពស់ គួរតែពិចារណាលើការជួលភ្នាក់ងារសន្តិសុខដែលទទួលបានការបណ្តុះបណ្តាល ការបំពាក់របារដែកការពារសន្តិសុខ និងធានាថាពួកគេមានកញ្ចប់ធានារ៉ាប់រងឲ្យបានគ្រប់គ្រាន់។

– ការព្រមាននេះកើតឡើង បន្ទាប់ពីករណីប្លន់មាសដ៏កក្រើកទីក្រុងបាងកកនៅហាង Aurora ក្នុងផ្សារទំនើប Lotus’s Sukhumvit 50 កាលពីយប់ថ្ងៃទី៣០ខែមករា។
– ក្នុងហេតុការណ៍នោះ ជនសង្ស័យម្នាក់ឯង បានប្រើកាំភ្លើងភ្ជង់បុគ្គលិក និងចាក់សាំងនៅមុខហាង ដោយគំរាមដុតផ្សារទំនើប ប្រសិនបើមិនព្រមប្រគល់មាសឲ្យ។ ចោរបានគេចខ្លួនបាត់ស្រមោលជាមួយនឹងមាសដែលមានតម្លៃប្រហែល ១១.១៧ លានបាត និងប្រាក់សុទ្ធប្រហែល ១៧០.០០០ បាត។
– ក្រៅពីបាងកក ថ្មីៗនេះក៏មានករណីប្លន់នៅក្រុងហាតយ៉ៃ នៃខេត្តសុងក្លា ភាគខាងត្បូងប្រទេសថៃផងដែរ ដោយកាលពីថ្ងៃទី៣ ខែកុម្ភៈ ចោរបានប្រើញញួរវាយបំបែកកញ្ចក់ទូក្នុងហាងមាស Burapha ក្នុងផ្សារទំនើបមួយ រួចប្រមូលយកខ្សែករមាសយ៉ាងច្រើន ដោយប្រើពេលត្រឹមតែ ៣០ វិនាទីប៉ុណ្ណោះ។
– សូមជម្រាបថា តម្លៃហាងឆេងមាសបានបន្តធ្លាក់ចុះក្រោម ៦ ពាន់ដុល្លារ ក្នុងមួយតម្លឹងកាលពីថ្ងៃចន្ទនេះ បន្ទាប់ពីឡើងដល់ជិត ៧ ពាន់ដុល្លារ ក្នុងមួយតម្លឹង កាលពីសប្ដាហ៍មុន។
– គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៦ តម្លៃមាសតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៥៧០ ដុល្លារ ក្នុងមួយជី៕

