ភ្នំពេញះ- ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ នេះបើយោងតាមសារលិខិតរបស់ ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយនាយប់ថ្ងៃទី២១ ខែមករា នេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងសារលិខិត ឯកឧត្តម ដូណាល់ ជេ ត្រាំ បានអញ្ជើញជាផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមអន្តរជាតិថ្មីមួយ ដែលមានគោលបំណងលើកកម្ពស់សន្តិភាពយូរអង្វែងនៅមជ្ឈឹមបូព៌ា និងដោះស្រាយជម្លោះនៅកម្រិតពិភពលោក។
– ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក បានរំលឹកថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបានប្រកាស “ផែនការសម្របសម្រួលដ៏ទូលំទូលាយ ដើម្បីបញ្ចប់ជម្លោះនៅហ្គាហ្សា” ដែលជាផែនទីចង្អុលផ្លូវមាន ២០ចំណុច ហើយបានទទួលការគាំទ្រយ៉ាងឆាប់រហ័សពីមេដឹកនាំពិភពលោក រួមទាំងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលពីពិភពអារ៉ាប់ អ៊ីស្រាអែល និងអឺរ៉ុប។ ឯកឧត្តមក៏បានលើកឡើងផងដែរថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយលេខ ២៨០៣ ដោយភាគច្រើនលើសលប់ ដើម្បីស្វាគមន៍ និងគាំទ្រផែនការនេះ។
– យោងតាមឯកឧត្តមប្រធានាធិបតី ដំណាក់កាលបន្ទាប់នៃគំនិតផ្តួចផ្តើមនេះ គឺការបង្កើត “ក្រុមប្រឹក្សាសន្តិភាព” (The Board of Peace) ដែលជាស្ថាប័នអន្តរជាតិថ្មី និងអាជ្ញាធរគ្រប់គ្រងបណ្តោះអាសន្ន ដើម្បីអនុវត្តផែនការសម្របសម្រួលដ៏ទូលំទូលាយ និងកសាងសន្តិភាពយូរអង្វែង។
– ឯកឧត្តមប្រធានាធិបតី ត្រាំ ដែលនឹងធ្វើជាប្រធានក្រុមប្រឹក្សានេះ បានអញ្ជើញកម្ពុជាឱ្យចូលរួមជារដ្ឋសមាជិកស្ថាបនិក និងចូលរួមជាភាគីក្នុងធម្មនុញ្ញរបស់ “ក្រុមប្រឹក្សាសន្តិភាព”។ ឯកឧត្តមបានបញ្ជាក់ថា ប្រទេសដែលចូលរួមនឹងចែករំលែកការទទួលខុសត្រូវក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពយូរអង្វែង។
– លិខិតបានបញ្ជាក់ថា រដ្ឋសមាជិកនីមួយៗ អាចតែងតាំងតំណាងដែលមានសិទ្ធិ ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា។ ផែនការសម្របសម្រួលដ៏ទូលំទូលាយ និងធម្មនុញ្ញរបស់ “ក្រុមប្រឹក្សាសន្តិភាព” ត្រូវបានភ្ជាប់ជាមួយលិខិតអញ្ជើញ ហើយបើកចំហសម្រាប់ការចុះហត្ថលេខា និងការអនុម័ត។
– ឯកឧត្តមប្រធានាធិបតី ត្រាំ បានបង្ហាញក្តីរំពឹងថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងកម្ពុជា ក្នុងការស្វែងរកសន្តិភាពយូរអង្វែង វិបុលភាព និងស្ថិរភាពពិភពលោក៕(AKP)


