អន្តរជាតិះ- ប្រទេសចំនួន ១៤ កាលពីថ្ងៃពុធថ្ងៃទី ២៤ ខែធ្នូ បានថ្កោលទោសនូវការអនុម័តថ្មីៗនេះដោយអ៊ីស្រាអែល ចំពោះការតាំងទីលំនៅថ្មីរបស់ជនជាតិយូដានៅក្នុងតំបន់ West Bank និងព្រមានថា ចលនាកាន់កាប់នេះអាចប្រឈមហានិភ័យនៃការធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិភាពកាន់តែទូលំទូលាយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាម CNA ដោយដកស្រង់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយដោយក្រសួងការបរទេសបារាំង រដ្ឋាភិបាលនៃប្រទេសបែលហ្ស៊ិក កាណាដា ដាណឺម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី អ៊ីស្លង់ អៀរឡង់ ជប៉ុន ម៉ាល់តា ហូឡង់ ន័រវែស អេស្ប៉ាញ និងចក្រភពអង់គ្លេស បានលើកឡើងដូចៗថា ពួកគេប្រឆាំងនឹងការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលក្នុងការអនុម័តការតាំងទីលំនៅថ្មីចំនួន ១៩។
– សេចក្ដីថ្លែងការណ៍បានបន្ថែមថា «យើងសូមរំលឹកឡើងវិញនូវការជំទាស់យ៉ាងច្បាស់លាស់របស់យើងចំពោះទម្រង់ណាមួយនៃការបញ្ចូលទឹកដីអ៊ីស្រាអែល និងការពង្រីកគោលនយោបាយតាំងទីលំនៅ»។
– ការថ្កោលទោសនេះបានកើតឡើងបន្ទាប់ពីការកត់សម្គាល់របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្តាំនិយមរបស់អ៊ីស្រាអែល លោក Bezalel Smotrich បានលើកឡើងកាលពីថ្ងៃអាទិត្យថា ការអនុម័តនេះមានបំណងការពារការបង្កើតរដ្ឋប៉ាឡេស្ទីន។
– បើទោះជាយ៉ាងនេះក៏ដោយ ប្រទេសដែលបានចេញការថ្កោលទោសបាននិយាយថា សកម្មភាពឯកតោភាគីបែបនេះគឺជារំលោភលើច្បាប់អន្តរជាតិ និងគំរាមកំហែងដល់ស្ថានភាពអស្ថិរភាពនៅពេលវេលាដ៏រសើបមួយ ខណៈដែលក្រុមអ្នកសម្របសម្រួលធ្វើការដើម្បីជំរុញដំណាក់កាលទីពីរនៃបទឈប់បាញ់ដ៏ផុយស្រួយនៅហ្គាហ្សា។
– ពួកគេក៏បានបញ្ជាក់ជាថ្មីដោយជំរុញឲ្យអ៊ីស្រាអែល បញ្ច្រាសការសម្រេចចិត្តនេះ ក៏ដូចជាការពង្រីកការតាំងទីលំនៅ ហើយថា សកម្មភាពតាំងទីលំនៅបន្តអាចបង្កើនភាពតានតឹងបន្ថែមទៀត។ ជាងនេះទៀត គ្រប់ប្រទេសតាមអស់បានប្តេជ្ញាចិត្តដ៏រឹងមាំចំពោះសន្តិភាពដ៏ទូលំទូលាយ យុត្តិធម៌ និងយូរអង្វែងដោយផ្អែកលើដំណោះស្រាយរដ្ឋពីជាកន្លែងដែលរដ្ឋប្រជាធិបតេយ្យពីរគឺអ៊ីស្រាអែល និងប៉ាឡេស្ទីន រស់នៅជាមួយគ្នាក្នុងសន្តិភាព និងសន្តិសុខ៕

