ចិន ជំរុញឲ្យថៃ ឈប់បាញ់កម្ពុជា ជាបន្ទាន់

អន្តរជាតិះ- តាមការផ្សាយរបស់ Global Times កាលពីថ្ងៃអង្គារទី២៣ខែធ្នូឆ្នាំ២០២៥, ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ ដោយជំរុញឲ្យភាគីថៃ ឈប់បាញ់កម្ពុជា ជាបន្ទាន់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សេចក្តីថ្លែងការណ៍នោះ បានដកស្រង់សម្តីប្រេសិតពិសេស តេង ស៊ីជុន ដែលបាននិយាយក្រោយជួបជាមួយនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul, រដ្ឋមន្ត្រីការពារជាតិ Nattaphon Narkphanit, អគ្គមេបញ្ជាការកងទ័ពថៃ Ukrit Boontanon និងលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសថៃ Eksiri Pintaruchi ថា៖ «ចិនព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពបច្ចុប្បន្ននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងមានការសោកស្តាយជាពន់ពេកចំពោះការបាត់បង់អាយុជីវិត និងការភៀសខ្លួនរបស់ប្រជាពលរដ្ឋដែលបង្កឡើងដោយជម្លោះនេះ។ អាទិភាពបន្ទាន់បំផុតនៅពេលនេះ គឺត្រូវសម្រេចឲ្យបាននូវបទឈប់បាញ់ជាបន្ទាន់ បញ្ឈប់ការប្រយុទ្ធគ្នា និងបន្តកិច្ចសន្ទនាឡើងវិញ ដើម្បីដោះស្រាយវិវាទព្រំដែនតាមរយៈមធ្យោបាយសន្តិវិធី»។

– ក្រសួងបន្តថា៖ «ចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលសម្រុះសម្រួលដោយអាស៊ាន និងគាំទ្រតួនាទីដ៏សំខាន់នៃបេសកកម្មអ្នកសង្កេតការណ៍អាស៊ាន ក្នុងការត្រួតពិនិត្យបទឈប់បាញ់។ ចិនត្រៀមខ្លួនជាស្រេចក្នុងការជួយបង្កើតលក្ខខណ្ឌនិងផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា និងការចរចារវាងភាគីទាំងពីរ»។

– កាលពីចុងសប្តាហ៍ នៅទីក្រុងភ្នំពេញ ប្រេសិតពិសេសចិនរូបនេះ ក៏បានអះអាងពីការប្ដេជ្ញារបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការសម្រេចឲ្យបានឆាប់រហ័សនូវបទឈប់បាញ់ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃផងដែរ។

– លោក តេង បញ្ជាក់ជាថ្មីថា ចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលការសន្ទនារវាងកម្ពុជា និងថៃ ដើម្បីវិលទៅរកការដោះស្រាយជម្លោះដោយសន្តិវិធី។ ប្រេសិតពិសេសចិន បានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តរបស់កម្ពុជានិងថៃ ទីក្រុងប៉េកាំងត្រៀមខ្លួនចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលមានគោលបំណងសម្រេចបានបទឈប់បាញ់ដោយគ្មានបង្អែរបង្អង់ និងការវិលត្រឡប់ទៅរកការកសាងទំនុកចិត្តឡើងវិញរវាងប្រទេសជិតខាងទាំងពីរ។

– ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរព និងអនុវត្តយ៉ាងពេញលេញនូវក្របខ័ណ្ឌទ្វេភាគីនិងយន្តការ ដែលបានព្រមព្រៀងគ្នា ថា នៅតែជាឧបករណ៍ដ៏សំខាន់សម្រាប់ដោះស្រាយទំនាស់និងសម្រេចបាននូវដំណោះស្រាយយុត្តិធម៌ យូរអង្វែង ប្រកបដោយចីរភាព និងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។

– សម្តេចធិបតីវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការជួយបញ្ចប់ជម្លោះ និងស្តារសន្តិភាពឡើងវិញ ដែលអាចអនុញ្ញាតឲ្យប្រជាជននៃប្រទេសទាំងពីររួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព ភាពជាអ្នកជិតខាងល្អ និងវិបុលភាព។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ចិន ដែលបានត្រៀមខ្លួនក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ ដើម្បីគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់ផងដែរ៕

 

You might like