អន្តរជាតិ៖ – ប្រធានមជ្ឈមណ្ឌលជំងឺផ្លូវដង្ហើមនៃវិទ្យាស្ថានប៉ាស្ទ័រ (Institut Pasteur) របស់ប្រទេសបារាំង បានព្រមានថា វីរុសផ្តាសាយបក្សី ដែលកំពុងឆ្លងរាលដាលក្នុងចំណោមសត្វស្លាប និងថនិកសត្វ អាចនឹងបង្កជាជំងឺរាតត្បាតសកលធ្ងន់ធ្ងរជាងជំងឺកូវីដ-១៩ ទៅទៀត ប្រសិនបើវីរុសនេះបំប្លែងខ្លួនរហូតដល់អាចឆ្លងពីមនុស្សទៅមនុស្សបាន។
– លោកស្រី ម៉ារី-អាន រ៉ាមេ-វែលទី (Marie-Anne Rameix-Welti) នាយិកាវេជ្ជសាស្ត្រនៃមជ្ឈមណ្ឌលនេះ បានពន្យល់ថា មនុស្សមានអង់ទីគ័រប្រឆាំងនឹងផ្តាសាយតាមរដូវធម្មតា ប៉ុន្តែគ្មានអង់ទីគ័រប្រឆាំងនឹងផ្តាសាយបក្សី H5 នោះទេ។ លោកស្រីបានសង្កត់ធ្ងន់ដូច្នេះថា «ជំងឺរាតត្បាតផ្តាសាយបក្សី ប្រហែលជានឹងធ្ងន់ធ្ងរខ្លាំង ដោយសក្តានុពលរបស់វាអាចធ្ងន់ធ្ងរជាងជំងឺរាតត្បាត (កូវីដ) ដែលយើងធ្លាប់ជួបប្រទះទៅទៀត» ព្រោះវាអាចសម្លាប់មនុស្សដែលមានសុខភាពល្អ រួមទាំងកុមារផងដែរ មិនដូចកូវីដដែលភាគច្រើនប៉ះពាល់តែជនងាយរងគ្រោះ។
– យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសុខភាពពិភពលោក (WHO) មានករណីផ្ទុះឡើងក្នុងចំណោមមនុស្សជិត ១,០០០ករណី ចាប់តាំងពីឆ្នាំ២០០៣ មក ដែលភាគច្រើននៅអេហ្ស៊ីប ឥណ្ឌូណេស៊ី និងវៀតណាម ដោយក្នុងនោះ ៤៨ភាគរយនៃអ្នកឆ្លងបានស្លាប់។
– ទោះជាយ៉ាងណា លោក ហ្គ្រេហ្គោរីយ៉ូ តូរ៉េស (Gregorio Torres) មកពីអង្គការសុខភាពសត្វពិភពលោក បានបញ្ជាក់ថា ហានិភ័យនៃការរាតត្បាតលើមនុស្សនៅតែមានកម្រិតទាបនៅឡើយ។ ចំណែកឯលោកស្រី Rameix-Welti ក៏បានបន្ថែមដែរថា ពិភពលោកបានត្រៀមខ្លួនបានល្អជាងមុន ដោយសារមានវ៉ាក់សាំង និងថ្នាំប្រឆាំងវីរុសដែលត្រៀមរួចជាស្រេចក្នុងករណីមានអាសន្ន៕ (Reuters)
