សុខភាព៖ របបអាហារមានសារសំខាន់ណាស់ តែការទទួលទានត្រូវមានការកំណត់ច្បាស់លាស់ មិនមែនចេះតែបរិភោគតាមតែចិត្តឃ្លានទ្បើយ។ ជាក់ស្តែង សាច់ជាផ្នែកមួយដ៏សំខាន់នៅក្នុងរបបអាហារក៏ពិតមែន ប៉ុន្តែការទទួលទានសាច់ច្រើនពេកហើយបរិភោគបន្លែតិច នឹងផ្ដល់ផលប៉ះពាល់ដល់សុខភាព៧យ៉ាងដូចខាងក្រោមនេះ…។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
១.បញ្ហាទល់លាមក៖ អាហារដែលធ្វើពីសាច់មានផ្ទុកប្រូតេអ៊ីនច្រើន ប៉ុន្តែវាមិនមានជាតិសរសៃឡើយ។ ជាទូទៅ ការទល់លាមក និងឈឺចាប់ពេលបន្ទោបង់ អាចជាសញ្ញាដំបូង ដែលបង្ហាញថា ទទួលទានអាហារដែលមានជាតិសរសៃទាប។ ដូច្នេះហើយគប្បីបន្ថែមអាហារដែលមានជាតិសរសៃដូចជា ផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិទាំងមូល។
២.ក្រួសតម្រងនោម៖ ប្រូតេអុីននៅក្នុងសត្វសាច់ មានសមាសធាតុជាច្រើនដែលហៅថា Purine វានឹងបំបែកទៅជាអាស៊ីដអ៊ុយរិច (Uric) ។ នៅពេលដែលរាងកាយផ្ទុកអាស៊ីដមួយប្រភេទនេះច្រើនជ្រុល វាអាចវិវត្តទៅជាក្រួសតម្រងនោម។ យ៉ាងណាគួរបរិភោគសាច់នៅក្នុងបរិមាណសមល្មម និងទទួលទានទឹកឱ្យបានច្រើន ដើម្បីបង្ការក្រួសតម្រងនោម។
៣.បញ្ហាឈឺក្បាល៖ ផលិតផលសាច់មួយចំនួនដូចជា Hotdog សាច់ក្រកជ្រូក (Salami) ផ្ទុកសារធាតុនីត្រាត អាចបង្កើនរំហូរឈាមទៅកាន់ខួរក្បាលបណ្ដាលឱ្យមានអាការឈឺក្បាល។
៤.ឆ្អឹងចុះខ្សោយ៖ បរិមាណប្រូតេអ៊ីន ខ្ពស់អាចបង្កើនការបាត់បង់ជាតិកាល់ស្យូមតាមរយៈទឹកនោម ហើយជាតិកាល់ស្យូមនេះដែរ មានសារសំខាន់ណាស់ចំពោះសុខភាពឆ្អឹង។ ជាក់ស្ដែង រាងកាយមិនអាចផលិតជាតិកាល់ស្យូមបានឡើយ ហើយវាទទួលបានជាតិកាល់ស្យូមតាមរយៈអាហារ ឬថ្នាំបំប៉នប៉ុណ្ណោះ។ យកល្អគួរបរិភោគប្រភេទអាហារដែលជាតិកាល់ស្យូម និងចៀសវាងការទទួលទានសាច់ច្រើនពេក។
៥.ឧស្សាហ៍ឈឺ៖ ខ្លាញ់ឆ្អែតនៅក្នុងសាច់ក្រហម និងសាច់កែច្នៃ មិនមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលចាំបាច់សម្រាប់ឱ្យរាងកាយប្រឆាំងនឹងការរលាកណាមួយបានឡើយ។ ដូច្នេះ គួរបរិភោគអាហារមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ឱ្យបានច្រើន ដែលមាននៅក្នុងបន្លែ និងផ្លែឈើ។
៦.បញ្ហាបេះដូង៖ ជាតិសរសៃដែលមាននៅក្នុងរបបអាហារ មានគុណប្រយោជន៍ជួយការពារសុខភាពបេះដូង ប៉ុន្តែប្រសិនបើទទួលទានសាច់ច្រើន ជាតិសរសៃ នៅក្នុងរាងកាយប្រាកដជាមានកម្រិតទាប ជាហេតុនាំឱ្យមានហានិភ័យខ្ពស់នៃការកើតជំងឺបេះដូង។
៧.កង្វះជាតិទឹក៖ បរិមាណលើសនៃអាស៊ីដអ៊ុយរិច អាចនឹងមានអារម្មណ៍ស្រេកទឹកលើសពីធម្មតា។ ពិតណាស់ តម្រងនោមត្រូវការទឹក ដើម្បីរំលាយកាកសំណល់ពុល ចាំបាច់ពិសាទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ
