រដ្ឋមន្ត្រីកសិកម្មកម្ពុជា-ឡាវ ស្កាត់ជួបគ្នានៅហ្វ៊ីលីពីន ជជែករឿងនាំចូល«រ៉ែជីកសិកម្មពីឡាវ»

ម៉ានីល៖ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វ៊ីលីពីន រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា លោក ឌិត ទីណា កាលពីថ្ងៃព្រហស្បតិ៍ ទី២តុលា បានណាត់ជួបគ្នាជាមួយ លោក លីងហាំ ឌូអង់សាវ៉ាន់ (Linkham Douangsavanh) រដ្ឋមន្ត្រីក្រសួងកសិកម្មឡាវ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជំរុញកសិ-ពាណិជ្ជកម្មទ្វេភាគី។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ជំនួបផ្ទាល់មុខនេះ ធ្វើឡើងក្នុងអំឡុងពេលរដ្ឋមន្ត្រីក្រសួងកសិកម្មទាំងពីរ ហោះទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៧ (47th AMAF) និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសហ្វីលីពីន។ តាមរយៈជំនួបទ្វេភាគីនេះ លោក ឌិត ទីណា បានលើកឡើងពីកិច្ចសហប្រតិបត្តិការជំរុញកសិ-ពាណិជ្ជកម្មរវាងកម្ពុជា-ឡាវ ជាពិសេសការនាំចូលរ៉ែជីកសិកម្មពីប្រទេសឡាវ សម្រាប់ផ្គត់ផ្គង់វិស័យកសិកម្មកម្ពុជា និងពិនិត្យនីតិវិធីនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។

ជាការឆ្លើយតបរដ្ឋមន្ត្រីកសិកម្មឡាវ បានបង្ហាញសុទិដ្ឋនិយមចំពោះកិច្ចសហប្រតិបត្តិការនេះ និងបន្តសហការជាមួយក្រសួងកសិកម្មកម្ពុជា។ ភាគីទាំងពីរ ថែមទាំងបានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន ជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា-ឡាវ។ សូមរំឭកខ្លីថា កាលពីថ្ងៃទី៤ធ្នូ ឆ្នាំ២០២៤កន្លងទៅ កម្ពុជា-ឡាវ ធ្លាប់បានឯកភាពគ្នាជំរុញកសិពាណិជ្ជកម្មទ្វេភាគីដោយផ្តោតលើការនាំចេញផលិតផលស្វាយទៅប្រទេសចិន ឬប្រទេសទី៣ តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្លូវដែក និងរថភ្លើងល្បឿនលឿន ឆ្លងកាត់ប្រទេសឡាវ ដើម្បីបើកទីផ្សារថ្មី សម្រាប់ផលិតផលកសិកម្មកម្ពុជា៕

You might like