ឃុំខ្លួន ជនជាតិកូរ៉េខាងត្បូង ចំនួន០៣នាក់ តាមដិកាបង្គាប់របស់ចៅក្រម ពីបទ ករណីឆបោកមានស្ថានទម្ងន់ទោស

(ភ្នំពេញ) – លោកស្រី ថៃ គីមមុនី ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញដីកា ចោទប្រកាន់ និងបង្គាប់ឱ្យឃុំខ្លួនជនជាតិកូរ៉េខាងត្បូង ចំនួន០៣នាក់ពីបទ ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) ទៅកាន់មណ្ឌលអប់រំកែប្រែទី១ (ម១)។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នៅក្នុងដីកាផ្សេងគ្នាចំនួន៣ បានបង្ហាញថា ជនត្រូវចោទទាំងនោះ គឺទី1. ឈ្មោះ SIN SONG HUN ភេទប្រុស ទី2. ឈ្មោះ SONG EUNGYU ភេទប្រុស និងទី3. ឈ្មោះ PRAK YEONGHUN ភេទប្រុស ។

– ជនទាំងនេះត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ៖ ឆបោកស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) តាម មាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចអគារខុនដូរ HANA អគារលេខ១៤៦៩ ផ្លូវ១០៨៩ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។

– ចំណែក ជនសង្ស័យ ៣៣ នាក់ ផ្សេងទៀត ត្រូវបានអនុវត្តន៍បណ្តេញចេញពីប្រទេសកម្ពុជា ក្នុងនោះ ជនជាតិកូរ៉េខាងត្បូង ចំនួន ៣១ នាក់ (ស្រី៥នាក់) , ជនជាតិនេប៉ាល់ ចំនួន ១នាក់ (ប្រុស) និងជនជាតិបង់ក្លាដេស ចំនួន ១នាក់ (ប្រុស)។

– សូមរម្លឹកថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ សរុបចំនួន៤៨នាក់ (ស្រី១០នាក់) មាន៤សញ្ជាតិ ក្នុងនោះ ជនជាតិកូរ៉េខាងត្បូង ចំនួន ៣៣នាក់ (ស្រី៥នាក់) ⁠ជនជាតិនេប៉ាល់ ចំនួន ១នាក់ (ប្រុស) ⁠ជនជាតិបង់ក្លាដេស ចំនួន ១នាក់ (ប្រុស) ⁠ជនជាតិខ្មែរ ចំនួន ១៣នាក់ (ស្រី៥នាក់) ផងដែរ។ ក្រៅពីនេះ ក្រុមប្រតិបត្តិការក៏បានរឹបអូស សម្ភារៈបម្រើឱ្យការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam ) រួមមាន កុំព្យូទ័រ ចំនួន ៦០គ្រឿង ⁠ទូរដែក ចំនួន ៣ គ្រឿង និង⁠លិខិតឆ្លងដែន សរុបចំនួន ៣៥ច្បាប់។

– សូមរំលឹកជូនថាបើគិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. បានចាត់វិធានការបង្ក្រាប និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ជាង៣០០០នាក់ ភាគច្រើនជាជនបរទេស។

– នៅក្នុងយុទ្ធនាការបង្ក្រាបសកម្មភាពឆបោកអនឡាញក្នុងនោះដែរសមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោងចំនួន៦៩នាក់ និងបក្ខពួករបស់ពួកគេទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ខណៈជនបរទេសពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)សរុបប្រមាណជាង ២៤០០នាក់ត្រូវបាននិរទេសចេញពីកម្ពុជា។

– សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

– ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕(AKP)

 

 

You might like