ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

អន្តរជាតិះ-ស្របពេលប្រទេសមិនទាន់ធូរស្បើយពីគ្រោះរញ្ជួយដីនៅឡើយផងនោះ ស្រាប់តែពេលនេះ ថៃ ត្រូវប្រឈមនឹងការវាយប្រហារដោយគ្រោះធម្មជាតិធ្ងន់ធ្ងរបន្ថែមទៀតនោះគឺរលកកម្តៅនិងព្យុះរដូវក្តៅ ​ដែលមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រាក់លាយឡំជាមួយរន្ទះនៅតំបន់ខ្លះ ពេញមួយសប្តាហ៍។ នេះបើតាមការចុះផ្សាយរបស់ Khaosod។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃនៅថ្ងៃចន្ទទី៣១ខែមីនាឆ្នាំ២០២៥ អាកាសធាតុធ្ងន់ធ្ងរបែបនេះ នឹងវាយប្រហារខេត្តចំនួន៣៤ ចាប់ពីថ្ងៃទី១ខែមេសាទៅ។

– ជាមួយនឹងព្យុះនេះ នាយកដ្ឋានក៏ព្រមានផងដែរអំពីរលកកម្តៅ ដោយតំបន់មួយចំនួន សីតុណ្ហភាពនឹងឈានដល់ជាង៤០អង្សាសេឯណោះ ជាពិសេសតំបន់ភាគខាងជើងនិងកណ្តាល រួមទាំងរាជធានីបាងកកផងដែរ។

– កត្តាទាំងនេះ ក៏ព្រោះតែប្រព័ន្ធសម្ពាធខ្ពស់ឬម៉ាស់ខ្យល់ត្រជាក់កម្រិតមធ្យម ដែលជះឥទ្ធិពលពីប្រទេសចិន បានសាយភាយចុះមកគ្របដណ្តប់តំបន់ភាគឦសានប្រទេសថៃនិងសមុទ្រចិនខាងត្បូង។

– កាលពីថ្ងៃសុក្រ​ រាជធានីបាងកក បានរងគ្រោះដោយការរញ្ជួយដីកម្រិតធ្ងន់​៧.៧រ៉ិចទ័រ ដែលមានចំណុចកណ្តាលនៅទីក្រុង Mandalay នៃប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យបាក់អគារសវនកម្មកម្ពស់៣០ជាន់ដែលកំពុងសាងសង់ក្នុងខណ្ឌចតុចក្រ។

– គិតត្រឹមព្រឹកថ្ងៃចន្ទ តួលេខមនុស្សស្លាប់នៅប្រទេសថៃ ដោយការរញ្ជួយនេះ បានកើនឡើងដល់១៨នាក់ ខណៈ ៧៨នាក់បាត់ខ្លួន។

– ទន្ទឹមនឹងការរញ្ជួយនោះ នៅភាគខាងជើងប្រទេសថៃឯណោះ ក៏កើតមានភ្លើងឆេះព្រៃយ៉ាងខ្លាំងផងដែរ ជាពិសេសក្នុងខេត្តឈៀងម៉ៃ ដែលនៅទីនោះអាជ្ញាធររាយការណ៍ថា មានចំណុចក្តៅចំនួន១៧៦ ខណៈគ្រាន់តែស្រុក Chiang Dao តែឯង មានចំណុចក្តៅដល់ទៅ៥៨ទៅហើយ បង្ខំឲ្យមានការជម្លៀសពលរដ្ឋជាច្រើននាក់។

– តាមពិតអគ្គិភ័យបានឆាបឆេះតាំងតែពីពាក់កណ្តាលខែមីនាមកម្ល៉េះ ប៉ុន្តែស្ថានភាពហាក់ធ្ងន់ធ្ងរដោយសារតែសណ្ឋានដី មានលក្ខណៈស្ងួតនិងមានខ្យល់បក់ខ្លាំង ធ្វើឲ្យអណ្តាតភ្លើង រាលដាលលឿន៕

 

You might like